សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនយោធិនកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះតេតុមាលា


ក្នុងមនោសញ្ចេតនាគោរពស្រឡាញ់ និងជួយសម្រាលការលំបាកចំពោះយោធិន ដែលមានជំងឺ នៅរសៀលថ្ងៃច័ន្ទ ទី២០ ខែមេសាឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនយោធិនមានជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា ក្នុងរាជធានីភ្នំពេញ។

ទឹកចិត្តអ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺតែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទី ចំពោះសុខទុក្ខនៃយោធិននិងក្រុមគ្រួសារ ក៏ដូចជាប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាក ដោយសម្តេចប្រធាន ក៏ដូចជាថ្នាក់ដឹកនាំជាតិយើង តែងចាត់ទុកទុក្ខលំបាករបស់បងប្អូនយោធិន និងប្រជាពលរដ្ឋទាំងអស់ គឺជាទុក្ខលំបាកផ្ទាល់របស់សម្តេច។

ជាក់ស្តែងនាពេលនេះក្រោយពីជ្រាបពីការលំបាករបស់យោធិនយើងដែលមានជំងឺនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់សហការី នៃកាកបាទក្រហមកម្ពុជានាំយកអំណោយ មនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជនមកប្រគល់ជូនភ្លាមៗ ដើម្បីរួមចំណែកជួយសម្រាលការលំបាក របស់យោធិនយើង និងក្រុមគ្រួសារ ក្នុងគ្រាដែលជួបការលំបាកនាពេលនេះ។

ក្នុងឱកាសចុះសួរសុខទក្ខ យោធិននាពេលនេះ លោកជំទាវអគ្គលេខាធិការ បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះយោធិនមានជំងឺទាំងអស់ ជាពិសេសបានកោតសរសើរស្ញប់ស្ញែង ចំពោះទឹកចិត្តដ៏អង់អាច របស់បងប្អូនយោធិនដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុជាតិ មាតុភូមិ និងសូមជូនពរ យោធិនគ្រប់រូប ឆាប់បានជាសះស្បើយនិងវិលត្រប់ទៅបំពេញភារកិច្ចឡើងវិញ។

ក្រោយពីទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា យោធិនទាំងអស់ និងក្រុមគ្រួសារ មានក្តីរំភើបឥតឧបមា និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាតាមនុស្សធម៌ ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដ៏ធំធេង ដល់ប្រជាពលរដ្ឋ គ្រប់រូបនិងសូមប្រសិទ្ធពរ ជូន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ ,សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីបន្តឋិតនៅជាម្លប់ដ៏កក់ក្តៅដល់ប្រជាជនកម្ពុជា ជារៀងដរាបតទៅ៕