សម្តេចតេជោ ហ៊ុន សែន អញ្ជើញគាល់សួរសុខទុក្ខព្រះមហាក្សត្រ, ព្រះរាជសុខភាពព្រះអង្គបានប្រសើរច្រើន


សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ (ម៉ោងនៅក្រុងប៉េកាំង) សម្តេច បានចូលគាល់សួរសុខទុក្ខព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ នៅក្នុងមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។
សម្តេចតេជោ បានបញ្ជាក់ថា ព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានប្រសើរឡើង ហើយព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយសម្តេចតេជោ ជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា តាមរយៈសម្តេច, ព្រះករុណា ព្រះមហាក្សត្រ សូមផ្ញើ
ការ​សាកសួរសុខទុក្ខ និងប្រគេនពរ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដោយការនឹករលឹក។
សូមបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានយាងវះកាត់ព្រះរោគមហារីកក្រពេញប្រូស្តាតនៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២០ ខែមេសា ម្សិលមិញនេះ។ ការវះកាត់នោះ បានទទួលជោគជ័យ៕