រោងចក្រស្លមាសរបស់ក្រុមហ៊ុន CAMBODIAN K88 INDUSTRY និងជារោងចក្រស្លមាសទី៧ នៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់ស្មងអន ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ បានចាប់ផ្តើមបើកដំណើរការខ្សែសង្វាក់ផលិតកម្មជាផ្លូវការហើយ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន ខេមបូឌាន ខេ88 អ៊ិនដាសស្រ្ទី ឯ.ក ជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន បានចាប់ផ្តើមសិក្សាស្រាវជ្រាវរ៉ែនៅឆ្នាំ២០២០ រហូតឈានទៅដល់ការប្រកាសរកឃើញជម្រករ៉ែមាសដែលមានលក្ខណៈសេដ្ឋកិច្ចនៅឆ្នាំ២០២៣ និងបានឈានដល់ការរៀបចំសាងសង់ និងដំណើរការរោងចក្រ ចម្រាញ់រ៉ែមាស ជាមួយនឹងទុនវិនិយោគ សរុបប្រមាណ ៤០លានដុល្លារអាមេរិក ដោយបង្កើតការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣៧៥ នាក់។
ដំណើរការប្រតិបត្តិការធនធានរ៉ែនៅការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ បាននិងកំពុងអនុវត្ត គោលការណ៍សុខភាព សុវត្ថិភាព និងបរិស្ថាន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់សហគម ន៍ មូល ដ្ឋាន។
នេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គ មហា-សេ នាបតីតេជោ ហ៊ុន សែន និងដឹកនាំបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជា កត្តា ចាំបាច់បំផុត និងមិនអាចខ្វះបានក្នុងការទាក់ទាញការវិនិយោគ ទ្រង់ទ្រាយធំ និងទ្រង់ ទ្រាយ មធ្យម ជា បន្ត បន្ទាប់ នៅ ក្នុង វិស័យ ធនធានរ៉ែ។
សមិទ្ធផលនេះបាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា បង្កើតឱកាសការ ងារ និងពង្រីកខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ច-សង្គម ផ្សេង ៗទៀតជាច្រើនសម្រាប់ ប្រទេស កម្ពុជាផងដែរ៕








