ក្រសួងយុត្តិធម៌៖ ការបន្តគ្រប់គ្រង និងដឹកនាំគណបក្សនយោបាយ ដែលត្រូវបានតុលាការប្រកាសរំលាយជាស្ថាពរ គឺជាបទល្មើសដែលត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ


(ភ្នំពេញ)៖ បន្ទាប់ពីតុលាការកំពូល បានប្រកាសសាលដីកាសម្រេចឱ្យរំលាយគណបក្សសង្រ្គោះជាតិ និងប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ, នៅយប់ថ្ងៃទី១៦​ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព អះអាងថា ការបន្តគ្រប់គ្រង និងដឹកនាំគណបក្សនយោបាយដែលត្រូវបានតុលាការប្រកាសរំលាយជាស្ថាពរ គឺជាបទល្មើស។

ឆ្លើយតបករណីកាត់រំលាយគណបក្សសង្រ្កោះជាតិនេះ ត្រូវបានអ្នកនាំពាក្យក្រសួងយុត្តិធម៌​ បានថ្លែងយ៉ាងដូច្នេះថា «ការបន្តគ្រប់គ្រង និងដឹកនាំគណបក្សនយោបាយ ដែលត្រូវបានតុលាការប្រកាសរំលាយជាស្ថាពរ គឺជាបទល្មើសដែលត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ សូមជម្រាបជូនថា សាលដីការបស់តុលាការកំពូលដែល បានប្រកាសរួចហើយទាក់ទង នឹងការរំលាយគណបក្ស សង្គ្រោះជាតិជាសាលដីកាស្ថាពរបិទផ្លូវតវ៉ា ហេតុនេះសេចក្តីសម្រេចទាំងអស់នៃសាលដីកានេះមានអនុភាពអនុវត្តភ្លាម ដូច្នេះគណបក្សនេះពុំអាចធ្វើសកម្មភាពណាមួយបានទេ ក្រោយពីមានសេចក្តីរំលាយសម្រេចស្ថាពររបស់តុលាការកំពូលនោះ»

ការលើកឡើងរបស់ឯកឧត្តម គឹម សន្តិភាព បែបនេះធ្វើឡើងបន្ទាប់ពីបានឃើញនូវសេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិមួយ បានចេញផ្សាយ ក្រោយតុលាការកំពូល បានប្រកាសកាត់រំលាយរួចហើយ ដោយបានអះអាងថា «គណបក្សសង្រ្គោះជាតិ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់រក្សា និងការពារចនាសម្ព័ន្ធដឹកនាំ នយោបាយរបស់ខ្លួនមានដូចជា គណៈកម្មាធិការអចិន្រ្តៃយ៍ គណៈកម្មាធិការនាយក គណៈកម្មាធិការវិន័យ គណៈកម្មាធិការប្រតិបត្តិ និងរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិគ្រប់កម្រិត ដោយមានលោក កឹម សុខា ជាប្រធានគណបក្ស និងបន្តបេសកកម្មនយោបាយដោយឥតងាករេ»

ឯកឧត្តម គឹម សន្តិភាព បានអះអាងឲ្យដឹងថា សកម្មភាពបន្តគ្រប់គ្រង និងដឹកនាំគណបក្សនយោបាយដែលត្រូវបានតុលាការប្រកាសរំលាយជាស្ថាពរ គឺជាបទល្មើសព្រហ្មទណ្ឌ បញ្ញតិក្នុងមាត្រា ៤២ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវពិន័យជាប្រាក់ពី១០លានរៀលទៅ ២០លានរៀល និងផ្តន្ទាទោសដាក់ពន្ធនាគារពី០១ខែ ដល់១ឆ្នាំ។