CPPបន្តផ្ដល់ឱកាស ឲ្យមន្រ្តីអតីតបក្សសង្រ្គោះជាតិ ដែលមិនទាន់កាត់សិទ្ធិ នយោបាយចូលរួមជីវភាពនយោបាយ ដើម្បីបម្រើជាតិ


ភ្នំពេញ៖បន្ទាប់ពីតុលាការកំពូលសម្រេចចេញសាលក្រមស្ថាពររំលាយគណបក្សសង្រ្គោះជាតិមិនដល់រយៈពេល២ម៉ោងផង នៅល្ងាចថ្ងៃទី១៦​ខែ វិច្ឆិកា ឆ្នាំ ២០១៧នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាថ្មីម្ដងទៀតបានថ្លែងការតាមរយៈវីដេអូឃ្លីប បើកផ្លូវនិងទុកឱកាសយ៉ាងយូរ២សប្ដាហ៍ឲ្យមន្រ្តីនិងសកម្មជនអតីតគណបក្សសង្រ្គោះជាតិបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីរួមគ្នាថែរក្សាសុខសន្តិភាព ការអភិវឌ្ឍន៍ បម្រើប្រជាពលរដ្ឋនិងជាតិមាតុភូមិជាបន្តទៀ​ដែលនេះមិនមែនជាការទិញដូរនោះទេ។

សម្ដេចតេជោបានថ្លែងតារយៈវីដេអូឃ្លីបមួយដែលមានរយៈពេលជាង២០នាទីថា”ទោះបីជាគណបក្សសង្រ្គោះជាតិត្រូវបានរំលាយក៏ប៉ុន្តែអតីតសមាជិកសមាជិកានិងសកម្មជននិងអ្នកធ្លាប់គាំទ្រគណបក្សនេះលើកលែងតែថ្នាក់ដឹកនាំមួយចំនួនដែលត្រូវតុលាការកំពូលហាមឃាត់សកម្មភាពនយោបាយរយៈពេល៥ឆ្នាំនោះបងប្អូននៅតែមានសិទ្ធិសេរីភាពពេញលេញស្របទៅតាមរដ្ឋធម្មនុញ្ញបងប្អូនអាចទៅបង្កើតបក្សនយោបាយថ្មីឬបងប្អូនអាចទៅចូលរួមជាមួយគណបក្សនយោបាយតាមដែលចិត្តខ្លួនចង់”។

សម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងបញ្ជាក់ថា”យើងសុំថ្លែងនូវការកោតសសើរនិងអរគុណចំពោះអតីតថ្នាក់ដឹកនាំសមាជិកគណបក្សសង្រ្គោះជាតិដែលជាសមាជិករដ្ឋសភា ក្រុមប្រឹក្សារាជធានី ខេត្តក្រុងស្រុកខណ្ឌឃុំសង្កាត់។ បងប្អូនអតីតសមាជិកាសកម្មជនអ្នកធ្លាប់គាំទ្រគណបក្សនេះដែលបានស្ម័គ្រចិត្តប្រកបដោយមនសិការដ៏ថ្លៃថ្លាមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីធានាបាននូវឯកភាពនិងសាមគ្គីភាពក្នុងគោលដៅបម្រើប្រជាពលរដ្ឋឲ្យបានល្អនៅឯមូលដ្ឋានទន្ទឹមនឹងនេះខ្ញុំនៅតែបន្តអំពាវនាវចំពោះបងប្អូនដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់សមាជិកក្រុមប្រឹក្សាខេត្តក្រុងស្រុកខណ្ឌនៅទូទាំងប្រទេសបងប្អូននៅមានពេលវេលានៅឡើយបន្ទាប់ពីគណបក្សសង្រ្គោះជាតិត្រូវរំលាយរយៈពេល២អាទិត្យយ៉ាងយូរនឹងត្រូវរៀបចំបែងចែកអាសនៈឲ្យរួចរាល់។ ដូច្នេះបងប្អូននៅមានលទ្ធភាពមួយអាទិត្យឬក៏ច្រើនជាងមួយអាទិត្យបន្តិចនៅមុនពេលដែលគណបក្សនយោបាយនានានឹងដាក់បញ្ជីឈ្មោះកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីជំនួសតំណែងបងប្អូនដែលត្រូវបាត់បង់។ ប្រសិនបើបងប្អូនចង់បន្តដើម្បីចូលរួមចំណែកណាមួយក្នុងការបន្តបេសកកម្មជាមេឃុំ ចៅសង្កាត់ ជាជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់​ឬសមាជិកក្រុមប្រឹក្សាស្រុកខេត្ត រាជធានីយើងនៅបន្តស្វាគមន៍ចំពោះបងប្អូន “។

សម្ដេចតេជោបានថ្លែងបន្តថាទោះបីជាគ្មានវត្តមានគណបក្សសង្រ្គោះជាតិក៏ដោយក៏នៅមានគណបក្សនយោបាយជាច្រើនទៀតចូលរួមការបោះឆ្នោតផងដែរ។ កម្ពុជានៅតែបន្តពង្រឹងលទ្ធប្រជាធិបតេយ្យនិងនីតិរដ្ឋតាមរយៈការបោះឆ្នោត។ កម្ពុជានឹងរៀបចំការបោះឆ្នោតព្រឹទ្ធសភានិងរដ្ឋសភានាពេលខាងមុខដោយគ្មានការខកខាននោះទេ។
សូមបញ្ជាក់ថាក្រោយពីបានបើកសវនាការអស់រយៈពេលពេញ១ថ្ងៃ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការកំពូលបានប្រកាសសាលក្រមរំលាយគណបក្សសង្រ្គោះជាតិ(CNRP) និងផ្អាកសកម្មភាពនយោបាយមន្រ្តីជាន់ខ្ពស់គណបក្សចំនួន១១៨នាក់រយៈពេល៥ឆ្នាំតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ៕