រដ្ឋមន្រ្តីសុខាភិបាល៖ គ្រូបង្គោលត្រូវមានជំនាញ និងបទពិសោធន៍ជាក់ស្តែង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល ឱ្យមានសមត្ថភាព ជាអ្នកដឹកនាំពិតប្រាកដ សម្រាប់បម្រើសង្គមជាតិ


ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថាគ្រូបង្គោលត្រូវមានជំនាញ និងបទពិសោធន៍ជាក់ស្តែងដើម្បីបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាលឱ្យមានសមត្ថភាពជាអ្នកដឹកនាំពិតប្រាកដ សម្រាប់បម្រើប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាវគ្គបណ្តុះបណ្តាល «ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ» ជូនមន្ត្រីគ្រប់គ្រងមណ្ឌលសុខភាព ជំនាន់ទី៨ មន្រ្តីគ្រប់គ្រងមន្ទីរពេទ្យ ជំនាន់ទី៦ និងមន្ត្រីគ្រប់គ្រងការិយាល័យសុខាភិជា ស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាល ជំនាន់ទី១ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅរសៀលថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពី គ្រូឧទ្ទេស គ្រូណែនាំ ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាល និងសិក្ខាកាមដែលទទួលវិញ្ញាបនបត្រ ចំនួន ៨៦នាក់ សរុបចំនួនប្រមាណ ១៤៥ រូប។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា មានការរិះគន់ដោយប្រយោលចំពោះការបង្រៀនដែលខ្វះការអនុវត្តជាក់ស្តែង (រៀនតែទ្រឹស្តី តែគ្រូមិនដែលឆ្លងកាត់ការងារនោះផ្ទាល់) ដែលធ្វើឱ្យសិស្សមិនទទួលបានជំនាញពិតប្រាកដ។ ការបណ្តុះបណ្តាលត្រូវតែ ចំសាច់រឿង និងមានភាពជាក់លាក់ទៅតាមជំនាញនីមួយៗ ដូចជាជំនាញនៅមន្ទីរពេទ្យជាដើម។

«ដូច្នេះខ្ញុំសូមលើកទឹកចិត្តឱ្យវិទ្យាស្ថានជាតិសុខាភិបាលសាធារណៈយើង ក៏ដូចជានៅកន្លែងផ្សេងទៀត ត្រូវជ្រើសរើសគ្រូបង្គោលដែលមានជំនាញ និងបទពិសោធន៍ជាក់ស្តែងមកបណ្តុះបណ្តាលធនធានមនុស្សសុខាភិបាល ឱ្យមានសមត្ថភាពជាអ្នកដឹកនាំពិតប្រាកដ និងយល់ច្បាស់ពីតម្លៃនៃការងារខ្លួន ចេះប្រើប្រាស់ចំណេះដឹងឱ្យអស់លទ្ធភាព និងរួមគ្នាពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈភាពជាអ្នកដឹកនាំដែលមានការទទួលខុសត្រូវខ្ពស់ ជាពិសេសសម្រាប់បម្រើប្រជាពលរដ្ឋនិងសង្គមជាតិទាំងមូល»។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តថាការបង្រៀនដែលមានប្រសិទ្ធភាពបំផុត គឺត្រូវយកអ្នកដែលធ្លាប់ឆ្លងកាត់ការអនុវត្តផ្ទាល់ និងមានជោគជ័យក្នុងកិច្ចការងារនោះមកចែករំលែកបទពិសោធន៍ និងចំណេះដឹងច្បាស់លាស់ ដល់អ្នកជំនាន់ក្រោយ ដើម្បីយកទៅអនុវត្តជាក់ស្តែងលើការគ្រប់គ្រងមនុស្ស ផែនការ ការទំនាក់ទំនង និងការដោះស្រាយបញ្ហា។

ឯកឧត្តមសាស្រ្តាចារ្យបានបន្ថែមថា ភាពជាអ្នកដឹកនាំមានតម្លៃលើសពីឋានៈ ឬតួនាទី, អ្នកដឹកនាំពិតប្រាកដ គឺជាអ្នកដែលចេះសង្កេត និងវាយតម្លៃសមត្ថភាពមន្ត្រីក្រោមឱវាទ ដាក់ការងារឱ្យចំគោលដៅ ដើម្បីធានាឱ្យបាននូវសេវាសុខាភិបាលដែលមាន គុណភាព សុវត្ថិភាព ទាន់ពេលវេលា និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចនូវយុទ្ធសាស្រ្តអាទិភាពរបស់ក្រសួងសុខាភិបាល ចំនួន ៣ រួមមាន៖ ១) ពង្រឹងមណ្ឌលសុខភាព ទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារបរិក្ខារ និងសមត្ថភាពបុគ្គលិកសុខាភិបាល ដើម្បីបម្រើសេវា ២៤ម៉ោង ២) ពង្រឹងមន្ទីរពេទ្យបង្អែកស្រុក ខេត្ត និងថ្នាក់ជាតិ កែលម្អបំពាក់សម្ភារបរិក្ខារ និងបង្កើនធនធានមនុស្ស ព្រមទាំងនិយ័តកម្មសេវាឯកជន ឱ្យបានប្រសើរ និង ៣) ពង្រឹងស្ថាប័ន តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។

លើសពីនោះដើម្បីបន្តការងារបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល កាន់តែល្អប្រសើរ និងប្រកបដោយគុណភាព លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូននូវអនុសាសន៍ណែនាំ មួយចំនួនផងដែរ៕