ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការគ្រប់គ្រងគម្រោងថ្នាក់តំបន់ (RPSC) នៃគម្រោងគំនិតផ្ដួចផ្ដើមអាស៊ាន-ស្វីស (ASTI)។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ពីគំរូដ៏ល្អនៃការអនុវត្តការសិក្សាផ្អែកលើការងារ (WBL) របស់កម្ពុជា ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មក្នុងបរិបទនៃបច្ចេកទេសទំនើប ដែលជាវឌ្ឍនភាពដ៏សំខាន់មួយនៃគម្រោង ASTI។ កិច្ចប្រជុំចុងក្រោយក្នុងដំណាក់កាលទី១ (២០២២-២០២៦) នេះ ក៏ជាឱកាសសម្រាប់ពិនិត្យមើលសមិទ្ធផល និងកំណត់ទិសដៅអនាគត ដើម្បីពង្រឹងប្រព័ន្ធ TVET របស់កម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគម្រោងសម្រេចបានដោយ GIZ និងដៃគូអនុវត្ត ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា (SDC), ដៃគូអនុវត្ត, ស្ថាប័នអាស៊ាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងសហការរៀបចំកិច្ចប្រជុំប្រជុំនេះឡើងដោយផ្ទាល់នៅសណ្ឋាគារ Sun & Moon និងតាមប្រព័ន្ធអនឡាញ។ លោកបានគូសបញ្ជាក់ថា ក្រោមភាពជាដៃគូដ៏ល្អយូរអង្វែងផ្នែកបច្ចេកទេសនៃ SDC, គម្រោង ASTI បានក្លាយជាគ្រឹះដ៏សំខាន់នៃកិច្ចខិតខំរួមគ្នា ក្នុងការបំពេញចន្លោះគម្លាតរវាងការអប់រំ និងទីផ្សារការងារ។
ឯកឧត្តមបានបញ្ជាក់ថា ដោយផ្អែកលើមូលដ្ឋានទាំងនេះ ក្រសួងការងារ កំពុងជំរុញទិសដៅយុទ្ធសាស្ត្រតាមរយៈការបន្តកែទម្រង់ និងអភិវឌ្ឍយុទ្ធសាស្ត្រធ្វើទំនើបកម្ម TVET ថ្នាក់ជាតិ។ តាមរយៈការបង្កើតប្រព័ន្ធ TVET មួយដែលរួមបញ្ចូលគ្នា និងផ្អែកលើទិន្នន័យ កម្ពុជាកំពុងធានាថា ប្រព័ន្ធគ្រប់គ្រង និងការធានាគុណភាព នឹងដើរតួនាទីជាអ្នកការពារដ៏រឹងមាំ ក្នុងដំណើរផ្លាស់ប្តូរទៅកាន់សម័យកាលឌីជីថល និងសេដ្ឋកិច្ចបៃតង។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដានៃការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដែលជាការកែទម្រង់សំខាន់មួយ។
កិច្ចប្រជុំនេះ បានបង្ហាញពីកម្លាំងនៃការរួមបញ្ចូលអាស៊ាន ក្នុងគោលបំណងសម្របសម្រួលស្តង់ដារកសាងកម្លាំងពលកម្មតំបន់ និងពង្រឹងប្រព័ន្ធ TVET ដែលជួយបង្កើនភាពធន់និងសមត្ថភាព ប្រកួតប្រជែងរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន។ ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការចល័តកម្លាំងពលកម្មដោយសេរី ក្នុងតំបន់ គឺជានិយាមដ៏សំខាន់សម្រាប់ដំណើរការពិតប្រាកដនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ប៉ុន្តែទាមទារឱ្យមានការសម្របសម្រួលលើផ្នែកជំនាញ វិញ្ញាបនបត្រ និងស្តង់ដារវាងប្រទេសសមាជិកឱ្យបានស៊ីចង្វាក់គ្នា។ ជាមួយគ្នានេះ ក្របខណ្ឌគុណវុឌ្ឍិអាស៊ានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថា កម្មករមកពីបណ្តាប្រទេសផ្សេងៗគ្នា មានសមត្ថភាព ផលិតភាព និងសិទ្ធិស្មើគ្នា ដើម្បីបង្ការរាល់ទម្រង់នៃការរើសអើង។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ចាំបាច់ត្រូវមានកិច្ចសហការយ៉ាងរឹងមាំ និងសកម្មបំផុតរវាងរដ្ឋាភិបាល ស្ថាប័នបណ្តុះបណ្តាល និងវិស័យឯកជន។
ឯកឧត្តម ហេង សួរ បានសង្ឃឹមយ៉ាងមុតមាំថា ការប្តេជ្ញាចិត្តប្រកបដោយស្មាតីសហការ និងជោគវាសនារួមនាពេលនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់ដំណាក់កាលទី២ ដែលមានផលជះជាវិជ្ជមានដ៏យូរអង្វែង ដោយសង្កត់ធ្ងន់ថា «យើងកំពុងកសាងបេតិកភណ្ឌនៃជំនាញ បេតិកភណ្ឌនៃឱកាស និងបេតិកភណ្ឌនៃសាមគ្គីភាព ដែលបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជនអាស៊ាន និងសហគមន៍ពិភពលោក»។
នាឱកាសនោះ លោក Reto Grüninger នាយក SDC បានលើកឡើងពីសារៈសំខាន់ជាសកលនៃប្រព័ន្ធ TVET របស់ប្រទេសស្វីស ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយក្រោមកិច្ចការសហការយ៉ាងរឹងមាំរវាងរដ្ឋាភិបាល ស្ថាប័នអប់រំ និងនិយោជក ដោយលោកបញ្ជាក់ថា គម្រោងនេះ ចូលរួមអភិវឌ្ឍប្រព័ន្ធអប់រំតំបន់ដែលអនុញ្ញាតឱ្យកម្មករទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ និងអាចផ្លាស់ទីការងារឆ្លងវិស័យឧស្សាហកម្ម និងប្រទេសនៅក្នុងអាស៊ាន។ ទោះបីជាមានការរីកចម្រើនសំខាន់ៗក៏ដោយ ការអនុវត្តឱ្យមានប្រសិទ្ធភាពនៅពេលនេះ គឺជាអាទិភាពសំខាន់ ដើម្បីឱ្យទទួលបានលទ្ធផលពិតប្រាកដ ហើយប្រទេសស្វីសនឹងបន្តគាំទ្រដើម្បីថែរក្សា និងពង្រីកការអភិវឌ្ឍជំនាញវិជ្ជាជីវៈក្នុងតំបន់បន្ថែមទៀត។
សូមបញ្ជាក់ថា កិច្ចប្រជុំដែលធ្វើឡើងរយៈពេល២ថ្ងៃ (២៨-២៩ ខែមេសា)នេះ មានអ្នកចូលរួមតំណាងមកពី លេខាធិការដ្ឋានអាស៊ាន, ATC, SOM-ED, SDC, មន្រ្តីអាជ្ញាធរ TVET នៅកម្ពុជា និងឡាវ, តំណាងនិយោជក និងឧស្សាហកម្ម រួមមាន CAMFEBA, សភាពាណិជ្ជកម្មអន្តរជាតិ (IBC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវ (LNCCI) ជាដើម៕












