ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត មេដឹកនាំវ័យរបស់យុវជន CPP ក្នុងដំណើរទស្សនៈទៅកាន់សហរដ្ឋអាម៉េរិក តបតាមការអញ្ជើញ របស់ពលរដ្ឋខ្មែរ អាម៉េរិក នាចុងសប្តាហ៍នេះ លោកត្រូវបាន លោក Adrian Dove ផ្តល់ជូនមេដាយកិត្តិយស Leadership Medal Of Honor បន្ទាប់ពីបានធ្វើសម្មភាពដឹកនាំយុវជន ទំាងក្នុង និងក្រៅប្រទេស ឲ្យរួបរួមគ្នា ក្នុងនាមជាឈាមជ័រខ្មែរតែមួយ។
បើតាមសេចក្តីរាយការណ៍ពីសហរដ្ឋអាម៉េរិក បានឲ្យដឹងថា លោក ហ៊ុន ម៉ាណែត ត្រូវបានលោក Adrian Dove ដែលជាប្រធាន គណៈកម្មការ Martin Luther King Parade Commitlee ប្រគល់មេដាយកិត្តិយស Leadership Medal Of Honor ជូននៅល្ងាចថ្ងៃទី៩ ខែមេសា ម៉ោងនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលនេះជាពានរង្វាន់ សម្រាប់ផ្តល់ជូន សម្រាប់ការដឹកនាំដែលមិនចេះនឿយហត់ របស់លោក ហ៊ុន ម៉ាណែត ក្នុងការធ្វើឲ្យមានសុខដុមនីយកម្ម និងការប្រឹងប្រែង ក្នុងការបង្រួបបង្រួម ពលរដ្ឋទាំងនៅក្នុងស្រុក និងនៅក្នុងស្រុក ឲ្យមានស្មារតីស្រឡាញ់គ្នា និងសាមគ្គីគ្នា។
សូមបញ្ជាក់ថា ពីធីប្រគល់រង្វាន់នេះ បានធ្វើឡើងក្នុងពេលដែល លោក ហ៊ុនម៉ាណែត និងក្រុមការងារ បានចូលរួម ក្នុងពិធីជួបជុំ ពិសារអាហារសាមគ្គី ជាមួយគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលមានវត្តមានចូលរួម ពីរដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា លោក អ៊ុចបូរិទ្ធ, ឯកអគ្គរាជទូតខ្មែរប្រចាំនៅ សហរដ្ឋអាមេរិក លោក ជុំ ប៊ុនរ៉ុង មន្ត្រីសហរដ្ឋអាមេរិក និងបងប្អួនខ្មែរពីទីជិតឆ្ងាយ ប្រមាណ ជិត៥០០នាក់។
ជាមួយគ្នានោះដែរ ក្នុងពិធី ក៏មានភារពរំខាននៃការជួបជុំគ្នា ធ្វើបាតុកម្មរបស់ក្រុមបាតុករ ប្រឆាំងមួយចំនួនតូច ហើយ បានឈានដល់ ការប្រើ អំពើហិង្សាគប់វត្ថុរឹង យកផ្លែឈើគប់លើប្រជាពលរដ្ឋចូលរួម និងរហូតសមត្ថកិច្ចសន្តិសុខ សហរដ្ឋអាមេរិកបាញ់ស្រ្ពៃរ៍ហឹរ ដែលបណ្តាលឲ្យរាលដាល ឈួលផ្សារភ្នែក ដល់ប្រជាពលរដ្ឋ ដែលចូលរួមជាច្រើននាក់ផងដែរ។ ក្រុមបាតុករត្រូវគេស្គាល់ថា ដឹកនាំដោយឈ្មោះ Braddy Young, និងក្រុមរបស់ឈ្មោះ ទួច វិបុល ដែលបាននិយាយកុហកញុះញង់ អោយខ្មែរស្អប់ ខ្មែរ និងបែកបាក់គ្នា។
ទោះជាយ៉ាងណា លោក ហ៊ុន ម៉ាណែត បានអះអាងដោយជឿជាក់ថា “ទីបំផុត ស្មារតីសាមគ្គី និងរូបរួមគ្នាបានទទួលជោគជ័យ
ទោះបីជាមានការគម្រាមកំហែងពីបងប្អូនបាតុករជាង១០០នាក់ ដែលប្រឆាំងការជួបជុំគ្នាអបអរសាទរឆ្នាំថ្មីក៏ដោយ ក៏មិនអាចហាម ឃាត់នូវឆន្ទៈ និង ស្មារតីរូបរួមគ្នារបស់បងប្អូនខ្មែរជាង៤០០នាក់ នៅទីក្រុងឡុងបិច ដែលបានចូលរួមក្នុង ពីធីនេះក្នុងនាមជាខ្មែរ តែមួយ”។
លោក ហ៊ុន ម៉ាណែត ក៏បានអរគុណចំពោះឆន្ទៈ និងស្មារតីរួបរួមគ្នារបស់ ប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយគ្នា ហើយក៏បាន អរគុណ និងសុំទោស ចំពោះបងប្អូនជាច្រើន ដែលបានមកចូលរួម ប៉ុន្តែពុំបានចូលដោយសារកន្លែងពេញ មិនអាចទទួលបន្ថែមបាន ដោយសារតែចំនួនមនុស្ស មានច្រើនជាងការរំពឹងទុក។ ក្នុងចំនោមប្រជាពលរដ្ឋដែលបានចួលរួមពិធី ប្រមាណជិត៥០០នាក់នោះ បានសម្តែងការគាំទ្រដំណើរ ទស្សនកិច្ចលោកហ៊ុនម៉ាណែត និងចង់ឲ្យលោក ហ៊ុន ម៉ាណែត បន្តដំណើរមកកាន់សហរដ្ឋអាមេរិក ឲ្យបានរៀងរាល់ឆ្នាំ៕