អភិបាលខេត្តកណ្ដាល ​ស្នើបណ្តាក្រុមហ៊ុនផ្តល់សេវាកម្ម អ៉ីនធឺណេត ចូលរួមសហការជាមួយកងកម្លាំង និងអាជ្ញាធរខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនទ្បាញ


(កណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ​បានស្នើ និងជំរុញឱ្យបណ្តាក្រុមហ៊ុនផ្តល់សេវាកម្ម អ៊ីនធឺណេត ចូលរួមសហការជាមួយកងកម្លាំង និងអាជ្ញាធរខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនទ្បាញ(Scam Online )។

ការស្នើនេះ ធ្វើឡើងងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអ៊ីធឺណិត ចំនួន ២៣ក្រុមហ៊ុន ដែលបាននិងកំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល។កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺស្នើសុំបណ្តាក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិតទាំងអស់ ធ្វើកិច្ចសហការឱ្យបានល្អ ជិតស្និទជាមួយកងកម្លំាង និងអជ្ញាធរមានសមត្ថកិច្ច ដើម្បី​រួមគ្នាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online ឱ្យអស់ពីក្នុងមូលដ្ឋានខេត្តកណ្តាល ប្រកបដោយប្រសិទ្ធភាព ខ្ពស់ក្នុងស្មារតីជាតិខ្មែរ ហើយគណៈបញ្ជាការឯកភាពខេត្ត នឹងនៅតែបន្តខិតខំអនុវត្តវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងបំផុត មិនលើកលែង និងឥតឈប់ឈរ ចំពោះសកម្មភាពខុសច្បាប់ទាំងនេះ ។

ឯកឧត្តមអភិបាលខេត្ត បានផ្តល់ការណែនាំឱ្យក្រុមហ៊ុនផ្តល់សេវា Internet ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការតភ្ជាប់បណ្តាញជូន អតិថិជន ដែលមានសញ្ញាសង្ស័យដូចជា ការតភ្ជាប់នៅពេលយប់ខុសប្រក្រតី ការតភ្ជាប់ដោយលាក់លៀមដោយមិនបានជូនដំណឹងទៅក្រុមហ៊ុន ឬជំនាញដែលមានសមត្ថកិច្ច។ ជាពិសេស ករណីការប្រើប្រាស់អ៊ីនធឺណិតចាប់ពី 100Mbps (Megabits per second) ឡើងទៅ ក្រុមហ៊ុនត្រូវផ្តល់ ព័ត៌មានឱ្យបានរហ័ស ជាក់លាក់ ត្រឹមត្រូវអំពីអត្តសញ្ញាណ និងទីតាំងស្នើសុំច្បាស់លាស់ មកកាន់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីតាមដាន និងត្រួតពិនិត្យ ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ឧក្រិដ្ឋកម្មឆបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យាអនទ្បាញ (Scam Online) បាននិងកំពុងរីករាលដាលយ៉ាងខ្លាំង និងបានគំរាមកំហែងដល់បណ្តាប្រទេសនានា លើសាកលលោក មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាមួយប៉ុណ្ណោះទេ​។

ឯកឧត្តម បានបន្តថា បញ្ហា Scam Online នេះ បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ ទាំងលើវិស័យសេដ្ឋកិច្ច សង្គម និងមុខមាត់របស់ប្រទេសជាតិលើឆាកអន្តរជាតិ ហើយការបង្ក្រាបបទល្មើស Scam Online គឺជាឆន្ទៈពិតប្រាកដ មិនរាថយដាច់ខាតរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងបោសសំអាត Scam Onlineនេះឱ្យអស់ពីកម្ពុជា៕