ក្រសួងធនធានទឹក និងឧតុនិយម៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែឧសភា កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ !


(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្ពុជាអាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។

ក្រសួងបានឲ្យដឹងថា សម្ពាធទាបដែលកើតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី៥ ឈ្មោះ ហាហ្គូពីត (Hagupit) T2605 ហើយមានឥទ្ធិពលលើរបប ខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រ អាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ៖

១៖ តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៣០%។

២៖ តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។

៣៖ តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។ រលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០.៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១.៧៥ម៉ែត្រ។

យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមានឡើងច្រើន នៅពេលភ្លៀងដើមរដូវវស្សា ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។

ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពី ស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕