ប្រមុខរដ្ឋាភិបាលកម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធឱ្យកាន់តែរឹងមាំ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានជួបពិភាក្សាទ្វេភាគីជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្ដើម, លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ជាថ្មីម្ដងទៀត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងសិង្ហបុរី។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ជំនួបរវាងលោក និងសម្ដេចធិបតី នាឱកាសនេះ សបញ្ជាក់អំពីភាពជិតស្និទ និងការប្ដេជ្ញាចិត្តរវាងប្រទេសទាំងពីរ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ក្នុងន័យនេះ, លោកបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់សិង្ហបុរី ក្នុងការបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមទាំង ការចូលជាធរមាន នាពេលថ្មីៗនេះ នៃពិធីសារទី២ ដើម្បីធ្វើវិសាធនកម្មលើកិច្ចព្រមព្រៀងស្តីពី «ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល» ដែលនឹងរួមចំណែកក្នុងការបន្តទាក់ទាញវិនិយោគិនសិង្ហបុរី មកបណ្ដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាបន្ថែមទៀត។

ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានស្វាគមន៍ ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ស្តីពី សន្តិសុខស្បៀង រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ នាពេលថ្មីៗនេះផងដែរ។

សម្ដេចធិបតីបានសម្ដែងនូវសុទិដ្ឋិនិយមថា ប្រទេសទាំងពីរនឹងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងគ្រប់វិស័យបន្ថែមទៀត ក៏ដូចជាបន្តផ្សារភ្ជាប់ភាពជាដៃគូររវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះដែរ សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ថា កម្ពុជានឹងចាប់ផ្ដើមអនុវត្តច្បាប់ស្តីពី កាតព្វកិច្ចយោធា ក្នុងឆ្នាំ២០២៦នេះ ហើយសម្ដេចធិបតីសង្ឃឹមថាកម្ពុជានឹងទទួលបានការចែករំលែកបទពិសោធន៍ពីប្រទេសសិង្ហបុរីបន្ថែមទៀត ដើម្បីធានានូវភាពរលូនសម្រាប់ការអនុវត្ត។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ថាមពល ការពារជាតិ និងសន្តិសុខ ព្រមទាំងបានផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់មួយចំនួនក្នុងក្របខណ្ឌអាស៊ាន និងអន្តរជាតិ៕