ឯកឧត្តម ឃួង ស្រេង ណែនាំឲ្យយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះគ្រួសារយុទ្ធជនជួរមុខ និងការគិតគូរពីសុខទុក្ខ មើលថែជីវភាពប្រចាំថ្ងៃជូនពួកគាត់


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ បានណែនាំឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខណ្ឌទាំង១៤ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយត្រូវការពារសន្តិសុខ ជាមួយនិងការគិតគូរពីសុខទុក្ខ មើលថែជីវភាពប្រចាំថ្ងៃជូនពួកគាត់ ពោលគឺមានការខ្វះខាតអ្វី ត្រូវផ្តល់ជូនពួកគាត់ភ្លាម បូកទាំងការសិក្សារបស់កូនគាត់ផងដែរ។

ការណែនាំបែបនេះ បានធ្វើឡើងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្រៅពីយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន និងនិវត្តជន នៅក្នុងមូលដ្ឋានហើយ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយយើងមានស្ថិតិអស់ហើយ។ កន្លងមកនេះ យើងអនុវត្តការងារបានល្អហើយ សូមបន្តការងារនេះ ឱ្យកាន់តែល្អថែមទៀត។

លើសពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខណ្ឌទាំង១៤ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យរីកចម្រើន ត្រូវគោរពនិងប្រតិបត្តិឱ្យខ្ជាប់ខ្ជួននូវ លក្ខន្តិកៈរបស់សមាគម, យកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិកផ្តល់ការគាំទ្រ ចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់ គ្រួសារសមាជិក ដែលបានទទួលមរណភាពឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរ ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានក្នុងការលះបង់ ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ ដោយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វោស័យរហូតដល់សព្វថ្ងៃ។ ដូច្នេះហើយ ទើបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បង្កើតឱ្យមានសមាគមនេះឡើង គឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹម ពួកគាត់ឱ្យបានល្អ និងមានភាពកក់ក្ដៅ ដូចជាគ្រួសារខ្មែរយើង នៅពេលឪពុកម្ដាយចាស់ជរាទៅកូនចៅមើលថែទាំឪពុកម្ដាយអញ្ចឹងដែរ។

ក្នុងឱកាសនោះ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឡើងអានសេចក្តីសម្រេចស្តីពី ប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ដោយបានតែងតាំងអភិបាលខណ្ឌទាំង១៤ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ ដោយមានអនុប្រធានប្រចាំការ១រូប អនុប្រធាន៣ រូប និងសមាជិក សមាជិកា ២រូប នៅគ្រប់ខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ៕