ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ លោក លោកស្រី ម្ចាស់រោងចក្រសហគ្រាស រួមនឹងសប្បុរសជននានា ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ បន្តចូលរួមបរិច្ចាគថវិកា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីធ្វើយ៉ាងណាឲ្យសាខាបន្តការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ។
ថ្លែងនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦នេះ នៅសាលប្រជុំរដ្ឋបាលខេត្ត ឯកឧត្តម វ៉ី សំណាង បានថ្លែងថា កាកបាទក្រហមកម្ពុជា ប្រៀបបីដូចជាអង្គការក្រៅរាជរដ្ឋាភិបាលដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលធ្វើកិច្ចការលើការងារមនុស្សធម៌ និងលើកកម្ពស់ការងារសុខភាព អនាម័យ បរិស្ថាននៅតាមសហគមន៍ ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយអ្វីឡើយ ពោលទីណាមានកាលំបាក ទីនោះមានកាកបាទក្រហកម្ពុជាចុះជួយជាប់ជានិច្ច។ ដូច្នេះដើម្បីចូលរួមការងារមនុស្សធម៌ជាមួយ កាកបាទក្រហមកម្ពុជាខេត្តតាកែវ សូមរោងចក្រសហគ្រាស សប្បុរសជនជិតឆ្ងាយទាំងអស់ បន្តបរិច្ចាគថវិកា និងសម្ភារៈផ្ទាល់ខ្លួន ផ្ដល់មកកាកបាទក្រហមសាខាខេត្តតាកែវដើម្បីយើងបន្តជួយដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ដែលកំពុងជួបការលំបាក នៅក្នុងខេត្តតាកែវ។
ក្នុងឱកាសនោះដែរឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុក កងកម្លាំង មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ និងស្វែងរកទីទួលមានសុវត្ថិភាព ដើម្បីត្រៀមលក្ខណៈបង្ការ និងជួយប្រជាពលរដ្ឋពីគ្រោះទឹកជំនន់បានទាន់ពេលវេលា ជាមួយគ្នានោះក៏ត្រូវបន្តធ្វើសកម្មភាពមនុស្សធម៌ នៅតាមមូលដ្ឋានអោយបានខ្លាំងក្លាបន្ថែមទៀត ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីជួយសម្រួលដល់ទុក្ខលំបាករបស់ពួកគាត់ផងដែរ៕















