ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានបន្តណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធចុះត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំ ជាពិសេសផ្ទះសំណាក់សណ្ឋាគារ និងទីតាំងសង្យ័យផ្សេងៗ ដើម្បីទប់ស្កាត់បទល្មើសឆបោក តាមបច្ចេកវិទ្យា (Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែមេសា ឆ្នាំ២០២៦។
ដែលកិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកស្រីអនុប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក លោកស្រី អភិបាលក្រុង-ស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធផ្សេងទៀត។
បន្ទាប់ពីស្តាប់របាយការណ៍លោក ធូ ភា អភិបាលរងខេត្តរួចមក ឯកឧត្តម សុខ លូ បានណែនាំអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពបំផុត។
ក្នុងនោះដោយសាររដូវវស្សាខិតជិតចូលមកដល់ លោកអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរ មន្ត្រីជំនាញ និងកងកម្លាំងត្រូវពង្រឹងបង្រ្កាបទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ និងបទល្មើសធនធានធម្មជាតិផ្សេងៗ ដើម្បីរួមគ្នាថែរក្សាការពារធនធានធម្មជាតិ។
ឯកឧត្តមបានណែនាំសមត្ថកិច្ច និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឱ្យបន្តទប់ស្កាត់ និងបង្ក្រាបការចរាចរណ៍រថយន្តកែច្នៃខុសបច្ចេកទេស រថយន្តដឹកលើសចំណុះ ដែលអាចបង្កគ្រោះថ្នាក់ចរាចរណ៍និងភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ។
ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ឯកឧត្តមអភិបាលខេត្ត ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងត្រូវបន្តតាមដានឱ្យបានដិត ដល់កុំឱ្យមានករណីស្គែមអនឡាញកើតឡើង នៅតាមមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមក៏បានបន្តណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធចុះត្រួតពិនិត្យតាមទីតាំងប្រមូលផ្តុំ ជាពិសេសផ្ទះសំណាក់ សណ្ឋាគារ និងទីតាំងសង្យ័យផ្សេងៗ ដើម្បីសំដៅដល់ការ ទប់ស្កាត់បទល្មើសឆបោកតាមបច្ចេកវិទ្យា (Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់៕































