សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យមានការប្តូរផ្នត់គំនិតដែលថា ការបំពេញកាត្វកិច្ចយោធាជាបន្ទុក ប៉ុន្តែត្រូវគិតថា នេះជាកិត្តិយសសម្រាប់ខ្លួនឯង និងគ្រួសារ។ ជាមួយគ្នានេះ សម្តេចបានស្នើឱ្យមន្រ្តី និងតំណាងរាស្រ្ត ផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ។
ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «សំណួរដែលយើងបានសួរ ថាអ្នកចូលកាតព្វកិច្ចនេះ ហាក់ដូចជាបន្ទុក ត្រូវធ្វើយ៉ាងម៉េច ផ្លាស់ប្តូរផ្នត់គំនិតនេះ។ ការចូលកាតព្វកិច្ច គឺជាមហាកិត្តិយស ដែលគ្រប់គ្នាត្រូវចង់ធ្វើ»។
សម្តេចបានឲ្យដឹងដែរថា ច្បាប់នេះមានគោលបំណងពង្រឹងវិស័យការពារជាតិ ការពារបូរណភាពទឹកដី បណ្តុះស្មារតីស្នេហាជាតិ និងអភិវឌ្ឍវិន័យដល់យុវជនខ្មែរ។
រដ្ឋសភាកម្ពុជា បានអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយសំឡេងគាំទ្រទាំងស្រុង។ ច្បាប់ថ្មីនេះតម្រូវឲ្យប្រជាពលរដ្ឋខ្មែរភេទប្រុស ដែលមានអាយុពី ១៨ ទៅ ២៥ឆ្នាំ បំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ ដែលបានកែសម្រួលពី ១៨ខែ នៃច្បាប់ចាស់ឆ្នាំ២០០៦ ខណៈការចូលរួមសម្រាប់ស្ត្រី គឺផ្អែកលើការស្ម័គ្រចិត្ត។ អ្នកដែលគេចវេសពីកាតព្វកិច្ចនេះអាចប្រឈមមុខនឹងទោសផាកពិន័យ និងការដាក់ពន្ធនាគារពី ៦ខែ ដល់ ៥ឆ្នាំ៕





