ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាល និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ជាសមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញថ្លែងសន្ទរកថា និងជាវាគ្មិន ក្នុងសិក្ខាសាលា ស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត។
នៅក្នុងសិក្ខាសិលាដ៏មានសារសំខាន់នេះ រៀបចំឡើងដោយផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាល និងគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង ក្នុងនោះក៏មានការចូលពីលោក លឹម សៀកផេង អនុប្រធាននាយកដ្ឋានសម្របសម្រួលកិច្ចការបរិស្ថាន គម្រោងវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលអ្នកចូលរួមមកពីផែនសហគ្រិនវ័យក្មេង នៃយុវជនគណបក្សខេត្តស្ទឹងត្រែង សិស្ស និងនិស្សិតសរុបប្រមាណជាង ១០០នាក់។
ឯកឧត្តម សរ សុពុត្រា បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំកម្មវិធីថ្ងៃនេះឡើង ជាពិសេសនឹងផ្តល់ចំណេះថ្មីៗ ដល់យុវជនយើងសម្រាប់ពង្រឹងសមត្ថភាព វិជ្ជាជីវៈឲ្យខ្លាំង ហើយរដ្ឋបាលខេត្តស្ទឹងត្រែងបានត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយគ្នា ដើម្បីជំរុញការវិនិយោគក្នុងខេត្ត បង្កើតការងារធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ ប្រជាជនបានធូរធារនឹងធ្វើឲ្យជាតិយើងខ្លាំង។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងយុវជនគណបក្សថ្នាក់កណ្តាលផ្នែកផែនសហគ្រិនវ័យក្មេង ដែលបានរៀបចំ សិក្ខាសិលានេះឡើង គឺស្របពេលដែលសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជា ហើយបើតាមការព្យាករណ៍របស់ធនាការពិភពលោកបង្ហាញថា សេដ្ឋកិច្ចកម្ពុជាកំពុងតែ មានការងើបឡើងវិញ ក្នុងរង្វង់៤.៥% នៅឆ្នាំ២០២៦ ដែលជាឱកាសដ៏ល្អ សម្រាប់សហគ្រិនវ័យក្មេង និងយុវជនគណបក្សយើង ត្រូវតែចាប់យកកាលានុវត្តភាពថ្មីៗផងដែរ សម្រាប់ការវិនិយោគ។
ទន្ទឹមនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានជម្រាបជូនសហគ្រិនវ័យក្មេងទៀតថា សព្វថ្ងៃនេះការធ្វើជំនួញរបស់សហគ្រិនយើងបញ្ហាធំ គឺបញ្ហាប្រភពទុន ដែលសហគ្រិនភាគច្រើនសំដៅ រកតែពីវិស័យធនាគារប៉ុណ្ណោះ ដោយមិនបានគិតដល់ប្រភពទុនពីវិស័យធានារ៉ាប់រង និងផ្សារមូលបត្រ ដែលជាប្រភពទុនមួយដ៏សំខាន់ ដែលអាចយកទុនទាំងនោះទៅពង្រីកអាជីវកម្មបានផងដែរ។
ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ថា ន័យសំខាន់លើការវិនិយោគសម្រាប់អនាគត គឺ ជាការវិនិយោគលើមូលធនមនុស្ស ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌិជីថល ការវិនិយោគលើនវានុវត្តន៍កសិកម្ម ការវិនិយោគចីរភាពបរិស្ថាន និងការវិនិយោគលើសមត្ថភាពស្ថាប័ន ការវិនិយោគថាមលកកើតឡើងវិញ ដែលមិនមានការបំភាយឧស្ម័ន្នកាបូនិកបន្សល់ទុកជាមរតក ឬកេរ្តិ៍ឈ្មោះល្អដល់អ្នកជំនាន់ក្រោយៗទៀតហើយត្រូវចងចាំមួយឃ្លាថា «សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំង កំពុងតែចូលរួម កសាងជាតិយើង»៕

























