ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់


ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់ ដូចខាងក្រោម៖

ខ្សែទី១៖ ឈ្មោះផ្លូវ ភូមិបាគូ-ផ្ទះស្រែ ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៧,៦១គ.ម ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិផ្ទះស្រែ ឃុំស្វាយលួង ទៅដល់ភូមិបាគូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ១១៣គ្រួសារ ស្មើនឹង ៣ ៨៧៥នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៤៥៩២គ្រួសារ ស្មើនឹង១៧ ៦៩៦នាក់។ ផ្លូវនេះចាប់ផ្ដើមសាងសង់កាលពីខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៨៧% ។

ខ្សែទី២៖ ឈ្មោះផ្លូវ វត្តព្រះធាតុ-ភូមិថ្មី ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥,៣៧គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិបាគូ ទៅដល់ភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្ដៀង ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៩១៦ គ្រួសារ ស្មើនឹង ៣ ២៥៨នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២ ៨៦៥គ្រួសារ ស្មើនឹង ១១ ០២៥នាក់។ ផ្លូវនេះចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៤៧,៩៣%។

ខ្សែទី៣៖P8R08 ឈ្មោះផ្លូវ ស្ថានីយ៏-ធ្លក-បឹងចក ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ១១គ.ម. ទទឹង ៧ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិស្ថានីយ៍ ឃុំកណ្តៀង ទៅដល់ភូមិបឹងចក ឃុំស្យា ស្រុកកណ្ដៀង ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៧៤៧ គ្រួសារ ស្មើនឹង ៦ ៥៣៨នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២ ២៧៧គ្រួសារ ស្មើនឹង ៨ ៣៥១នាក់។ ផ្លូវនេះចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៥៣,៤៨%។

ខ្សែទី៤៖ ឈ្មោះផ្លូវ បន្ទាយត្រោក-កំពង់សំបួរ ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ៤,២៧ គ.ម. ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិបន្ទាយត្រោក ឃុំស្រែស្តុក ទៅដល់ភូមិបឹងឈូក ឃុំកណ្តៀង ស្រុកកណ្ដៀង ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៨៤២គ្រួសារ ស្មើនឹង ៣ ១៥២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៦ ៩៦៣គ្រួសារ ស្មើនឹង ២៨ ៣៣០ នាក់។ ផ្លូវនេះចាប់ផ្ដើមសាងសង់កាលពីខែសីហា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៤៤,៤% ។
ផ្លូវទាំង ៤ខ្សែខាងលើនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប (EU-AIF)។

ខ្សែទី៥៖ ឈ្មោះផ្លូវ ភ្នៅ-ផ្ទះព្រីង ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ១២,២៦គ.ម ទទឹងតួផ្លូវ ៦ម៉ែត្រ តភ្ជាប់ពីភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ទៅកាន់ភូមិដំរីស ឃុំ កោះជុំ ស្រុកកណ្តៀង ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៣៩៤គ្រួសារ ស្មើនឹង ១ ៤៩១នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ៤ ៣២៧គ្រួសារ ស្មើនឹង ១៨ ៧៦៩នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅខែឧសភា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន ៤៦,២% គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៦។

ខ្សែទី៦៖ ឈ្មោះផ្លូវ អូរស្ដៅ-វត្តវាល ជាការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ៤,៩៩គ.ម. ទទឹងតួផ្លូវ ៦ម៉ែត្រ តភ្ជាប់ពីភូមិអូរស្តៅ ឃុំស្វាយអាត់ ស្រុកពោធិ៍សាត់ ទៅកាន់ភូមិផ្សារលើ ឃុំលលកស ស្រុកពោធិ៍សាត់ ដោយមានអ្នកទទួលផលដោយផ្ទាល់ ចំនួន ៣៨២គ្រួសារ ស្មើនឹង ១ ៥២៣នាក់ និងអ្នកទទួលផលដោយប្រយោល ចំនួន ២ ២៥៨គ្រួសារ ស្មើនឹង ៩ ៨៣៥នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅឧសភា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាព ៣៥,៦៣%។
ខ្សែផ្លូវទី៥ និងទី៦នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន ២ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយទទួលបានឥណទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB)។

សូមជម្រាបជូនដែរថា ក្នុងឱកាសពិនិត្យការដ្ឋានសាងសង់ផ្លូវទាំង ៦ខ្សែខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ ឱ្យពន្លឿនការងារសាងសង់ឱ្យលឿនស្របតាមកិច្ចសន្យាការងារ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដើម្បីឱ្យផ្លូវមានគុណភាពល្អ អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង៕