លោក ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទកំពុងខិតខំបន្តកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានានៅទីជនបទ ជាពិសេសផ្លូវគមនាគមន៍ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើដំណើរ និងងាយស្រួលដឹកកសិផលជាងមុន។
លោក ប៉ែន ពេជ្រសាលី បានលើកឡើងដូចនេះនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ១ខ្សែ មាន ២កំណាត់ ប្រវែងជាង ៣ពាន់ម៉ែត្រ និងប្រព័ន្ធលូ ស្ថិតក្នុងឃុំព្រៃផ្ដៅ និងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោករដ្ឋលេខាធិការ បានបន្ថែមថា ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របច្ចកោណខាងលើក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលបានកំណត់ចក្ខុវិស័យ សាងតំបន់ជនបទកម្ពុជា ប្រកបដោយវិបុលភាព បរិយាប័ន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងគោលបំណងដើម្បី (១) បង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ ឱ្យមានជីវភាពសមរម្យ និងមានប្រាក់ចំណូលប្រកបដោយចីរភាព និង (២) បង្កើនសុខមាលភាពគ្រួសារនៅជនបទឱ្យមានសុខភាពល្អ និងការរស់នៅក្នុងបរិស្ថានស្អាត ។
លោករដ្ឋលេខាធិការរូបនេះ បានបន្ថែមថា ជាមួយនេះដែរក្រសួងមានអមដោយយុទ្ធសាស្រ្តអាទិភាពជាសសរស្តម្ភចំនួន៥ រួមមាន៖ (១) អភិវឌ្ឍន៍ហេដ្ឋារចនានូវសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់ (២.) លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តភាព, (៣) អភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ, (៤) ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ និង(៥) ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ ។
ជាមួយនេះក្នុងរដូវកាលភ្លៀងធ្លាក់នេះ គណៈកម្មការអន្តរក្រសួង ក៏បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងឃុំទាំងពីរ ជួយថែទាំផ្លូវតាមរយៈការជួយទប់ស្កាត់កុំឲ្យមានការបើកបរដឹកលើសទម្ងន់ ដើម្បីបានផ្លូវធ្វើដំណើរយូរអង្វែង ៕


















