នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានទទួលជួបពិភាក្សាការងារជាមួយលោក Chen Yang ប្រធានសភាប្រឹក្សានយោបាយ នៃទីក្រុងយ៉ាងចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ នៅទីស្តីការគណៈរដ្ឋមន្ដ្រី។
នៅក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងកិច្ចស្វាគមន៍ និងអបអរសាទរចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រុងយ៉ាងចូវ និងរដ្ឋបាលខេត្តកំពង់ធំ ដែលនេះគឺជាជំហានថ្មីមួយទៀត ក្នុងការបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ជាការចាប់ផ្ដើមមួយដ៏ល្អ ដើម្បីនាំមកនូវផ្លែផ្កា និងផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃខេត្តកំពង់ធំ និងក្រុងយ៉ាងចូវ។
ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានជួយសម្របសម្រួលប្រកបដោយប្រសិទ្ធភាព រហូតឈានដល់ការចុះហត្ថលេខាលើ MoU នេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ឡើងវិញ អំពីប្រវត្តិដ៏យូរលង់ នៃទំនាក់ទំនងជាមិត្តភាពកម្ពុជា-ចិន និងត្រូវបានពូនជ្រំ, ថែបំប៉ន និងបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ, ជាមិត្តដែកថែប ហើយត្រូវបានពង្រឹង និងពង្រីកដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា កម្ពុជា-ចិន មានគោលដៅដូចគ្នា គឺធ្វើយ៉ាងណាឲ្យផ្លែផ្កា នៃការអភិវឌ្ឍធ្លាក់ទៅដល់ដៃប្រជាជន ជាពិសេសប្រជាជននៅតាមទីជនបទ ហើយទស្សនកិច្ចរបស់គណៈប្រតិភូ ក្រុងយ៉ាងចូវនាពេលនេះ គឺពិតជាមានអត្ថន័យស្របតាមទិសដៅការងាររបស់រដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការរួមចំណែកធ្វើឲ្យខេត្តកំពង់ធំ មានការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ ហើយនេះក៏ជាបេសកកម្មការងាររបស់ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ដែលមានឧបនាយករដ្ឋមន្ត្រីប្រចាំការជាប្រធានផងដែរ។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា កិច្ចសហការរវាងក្រុងយ៉ាងចូវ ជាមួយខេត្តកំពង់ធំ ពិតជារួមចំណែក ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កុំឲ្យខេត្តកំពង់ធំជាខេត្ត ដែលទៅហួសមកហួសតទៅទៀត និងកសាងខេត្តកំពង់ធំ ឲ្យក្លាយទៅជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្ម និងភស្តុភារកម្ម ដែលនឹងរួមចំណែកជាចន្ទល់នៃសេដ្ឋកិច្ចជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់អនុសាសន៍ស្នើឲ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយក្រុងយ៉ាងចូវ ដែលជាតំបន់មានការរីកចម្រើន និងមានខឿនឧស្សាហកម្ម និងកសិកម្មទំនើប ដោយផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ទី១៖ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពផលិត ពិសេសការសិក្សាស្រាវជ្រាវពូជដំណាំ ចំណីសត្វ និងការកែច្នៃផលិតផលកសិកម្ម, ទី២៖ ការស្វែងរកទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយប្រទេសចិន គឺជាទីផ្សារសំខាន់សម្រាប់ផលិតផលកម្ពុជា ហើយកម្ពុជាក៏អាចក្លាយជាផ្នែកមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain) របស់ចិន សម្រាប់នាំចេញទៅទីផ្សារចិន និងទីផ្សារពិភពលោកផងដែរ និងទី៣៖ ការទាក់ទាញវិនិយោគ និងទេសចរណ៍ តាមរយៈការជំរុញឲ្យវិនិយោគិនពីចិន មកសិក្សាលទ្ធភាពវិនិយោគនៅខេត្តកំពង់ធំ និងជំរុញលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ទាំងវប្បធម៌, ពាណិជ្ជកម្ម, ទេសចរណ៍ ដោយរួមទាំងម្ហូបអាហារ។
ជាការឆ្លើយតប លោក Chen Yang បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ដែលបានផ្តល់ឱកាសឱ្យគណៈប្រតិភូក្រុងយ៉ាងចូវ ជួបសម្តែងការគួរសមនិងពិភាក្សាការងារ។ លោក Chen Yang ក៏បានជម្រាបជូនឧបនាយករដ្ឋមន្រ្តីប្រចាំការ ជ្រាបផងដែរ អំពីស្ថានភាពទូទៅ និងសក្ដានុពលរបស់ក្រុងយ៉ាងចូវ ក៏ដូចជាសក្តានុពលរបស់ខេត្តកំពង់ធំ ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។
លោកបានបញ្ជាក់អំពីបំណង ក្នុងការជំរុញកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តកំពង់ធំ និងជំរុញនូវចំណុចដែលបានពិភាក្សា ដោយផ្ដោតលើ ទី១៖ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចឲ្យកាន់តែញឹកញាប់ លើគ្រប់ជំនាញ និងគ្រប់វិស័យ ពិសេសក្នុងគោលដៅលើកកម្ពស់វិស័យកសិកម្ម, ទី២៖ ជំរុញវិនិយោគិនពីក្រុងយ៉ាងចូវ ឲ្យមកសិក្សាលទ្ធភាពវិនិយោគនៅខេត្តកំពង់ធំ និងទី៣៖ ផ្សព្វផ្សាយ និងទាក់ទាញឲ្យប្រជាជនក្រុងយ៉ាងចូវ មកទស្សនាកំសាន្តនៅប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ធំតែម្តង។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងលោក Chen Yang បានបង្ហាញនូវសុទិដ្ឋិនិយមសម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្ត/ក្រុងទាំងពីរ ដែលនឹងផ្តល់ផលប្រយោជន៍រួមគ្នា ប្រកបដោយផ្លែផ្កា៕

