ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកទឹកដោះគោដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មានជិត៣០០នាក់ នាបរិវេណទីស្តីការក្រសួងព័ត៌មាន។
ការរៀបចំពិធីសំណេះសំណាល និងចែកទឹកដោះគោ ដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាន គឺជាលើកទី៣ហើយ នៅក្នុងអាណត្តិ របស់ឯកឧត្តម នេត្រ ភក្ត្រា ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ខណៈពិធីនេះធ្វើឡើងដើម្បីអបអរសាទខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់និងការងារសមរម្យ»។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា អំណោយទាំងនេះទទួលបានការគាំទ្រពីក្រុមហ៊ុន YHS Cambodia (យ៉ូស) ដែលបានចូលរួមចំណែកចែករំលែកក្តីស្រឡាញ់ជាមួយក្រសួងព័ត៌មាន សម្រាប់នាំយកទឹកដោះគោ មកចែកជូនដល់កូនៗរបស់មន្ត្រីនៃក្រសួងព័ត៌មាននាឱកាសនេះផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកសកម្មភាពនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែករបស់ក្រសួងព័ត៌មាន សប្បុរសជននានា ចំពោះកុមារា កុមារី និងលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ខិតខំប្រឹងប្រែងសិក្សារៀនសូត្រឱ្យបានពូកែ និងក្លាយជាធនធានមនុស្សដ៏ល្អ និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាថ្ងៃអនាគត។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏លើកទឹកចិត្តដល់កុមារតូចៗទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបចំណេះវិជ្ជាពីលោកគ្រូអ្នកគ្រូ និងធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។ លោករដ្ឋមន្ត្រីបានជូនពរកូនៗក្មួយៗកុមារា កុមារីទាំងអស់ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ស្នាមញញឹមរបស់កុមារា កុមារី ជាស្នាមញញឹមរបស់មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ហើយរាជរដ្ឋាភិបាលកម្ពុជានៅអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុរេសកម្មរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តយកចិត្តទុកដាក់ជាអាទិភាព តាមរយៈការដាក់ចេញកម្មវិធីនយោបាយនានា សំដៅគាំពារ អភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពកុមារ ចាំតាំងពីបឋមវ័យ រហូតដល់យុវវ័យ។ កុមារតំណាងឱ្យធនធានសក្តានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។
បើតាមលោកស្រី ហេង សុទ្ធាវី អគ្គនាយិកា ក្រុមហ៊ុន YHS Cambodia (យ៉ូស) បានបញ្ជាក់ពីការចូលរួមគាំទ្រ និងសហការជាមួយក្រសួងព័ត៌មាន ក្នុងសកម្មភាពសប្បុរសធម៌ និងការងារសង្គមក្នុងខេត្តក្រចេះ ជាពិសេសសម្រាប់កុមារដែលខ្វះខាត ដើម្បីបានទទួលអាហារូប្ថម្ភត្រឹមត្រូវ យល់ដឹងពី ភេសជ្ជៈដែលមានជាតិស្ករទាប សម្រាប់សុខភាព។
លោកស្រីអគ្គនាយិកា បានជម្រាបជូនថា យ៉ូស ជាភេសជ្ជៈទី១ ដែលក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យលក់ក្នុងសាលារៀន ដោយសារមានជាតិស្ករទាប។ យ៉ូស នៅបន្តជានិច្ចដើម្បីចូលរួមចំណែកមួយនេះនឹងឆ្ពោះទៅរកគោលបំណងរួមក្នុងការលើកកម្ពស់សុខុមាលភាព និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ និងសង្គមជាតិ៕



















































