លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមកាងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ០១ខ្សែប្រភេទDBSTប្រវែង ៤៣០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្លងកាត់ភូមិសំពៅមាស ភូមិសាន់គរ(ខ) និងភូមិប្រាសាទ ស្ថិតនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៦។
លោកជំទាវ ឃួន ឃុនឌី បានមានប្រសាសន៍ថា ទោះបីប្រទេសជាតិស្ថិតក្នុងសង្គ្រាមឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តី ក៏មិនអាចធ្វើឱ្យរាំងស្ទះដល់ការអភិវឌ្ឍន៍បានដែរ។ ហើយថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរស្រុកកំពង់ស្វាយ ដែលបានទទួលនៅអំណោយដ៏ពិសេសគឺជាផ្លូវក្រាលកៅស៊ូ០១ខ្សែប្រភេទDBST ដែលជាការគិតគូររបស់សម្ដេច ចំពោះសុខទុក្ខ និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋ លោកមិនដែលមើលរំលងឬទុកឱ្យបងប្អូននៅឯកានោះឡើយ។ ដូចជាចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅឃុំសាន់គរនេះជាដើម្បី ឱ្យមានការអភិវឌ្ឍឈានឡើង និងផ្តល់សារៈសំខាន់សម្រាប់បម្រើឱ្យផលប្រយោជន៍ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូលឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយ។
លោកជំទាវបន្តថាសមិទ្ធផលពេលនេះគឺបានឆ្លុះបញ្ចាំងពីការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍ ពិសេសសម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ស្វាយ ដែលបង្កើនលទ្ធភាពក្នុងការចំណាយថវិកាតិចរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើ ទៅធ្វើបុណ្យទាន និងការប្រកបមុខរបរកសិកម្ម ការដឹកជញ្ជូនផលិតផលកសិកម្មព្រមទាំងការធ្វើដំណើររបស់សិស្សានុសិស្សទៅសិក្សារៀនសូត្រប្រកបដោយសុវត្ថិភាពផងដែរ។
លោកជំទាវ ឃួន ឃុនឌី បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់ផ្លូវ០១ខ្សែនេះ និងអ្នករស់នៅអមសងខាងផ្លូវសូមមេត្តាជួយថែរក្សាផ្លូវនេះឱ្យបានល្អប្រសើរដើម្បីជាប្រយោជន៍រួម ក៏ដូចជាការធ្វើចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុណាមួយ ត្រូវណែនាំកូនចៅឱ្យជៀសឆ្ងាយពីរការប្រើប្រាស់គ្រឿងញៀន និងមានការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ជាពិសេសត្រូវថែទាំសុខភាព និងការពារខ្លួនពីបាតុភូតដែលកើតឡើងភ្លៀមៗ៕




















