នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។
ក្នុងស្មារតីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បន្តផ្តល់អាទិភាពដល់អនុវិស័យអប់រំកាយ និងកីឡា ដោយផ្សាភ្ជាប់នឹងការអប់រំ និងការបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។
ក្រសួងបន្តយកចិត្តទុកដាក់ ក្នុងការពង្រឹងសុខុមាលភាពរាងកាយ លើកកម្ពស់ការប្រកួតកីឡា និងលើកកម្ពស់សកម្មភាព ហាត់ប្រាណទៀងទាត់ ដើម្បីសុខភាព និងសាមគ្គីភាព ស្របតាមពាក្យស្លោក «កីឡារស់ប្រកបដោយសុខដុមរមនា ក្នុងសង្គមក្រោមម្លប់សន្តិភាព» និងចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។

