ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ និងទេសរដ្ឋមន្ដ្រី គន់ គីម ចែកកញ្ចប់អាហារជូនជនភៀសសឹកចំនួន១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារចំនួន១៥០០កញ្ចប់ ជូនជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) នៅស្នាក់ការ ភូមិបន្ទាយមានរិទ្ធិ និងភូមិសាមគ្គី ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា រាជរដ្ឋភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលបង្ខំចិត្តចាកចេញពីលំនៅឋានរបស់ខ្លួន នៅក្នុងគ្រាដ៏លំបាកនេះ ហើយរាជរដ្ឋាភិបាលបានកំណត់ទិសដៅអាទិភាពចម្បងក្នុងការដោះស្រាយបញ្ហាលំនៅឋានស្នាក់នៅបណ្តោះអាសន្នជូនប្រជាពលរដ្ឋ ខណៈដែលរដ្ឋាភិបាលក៏កំពុងបន្តធ្វើការតវ៉ាយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីស្វែងរកយុត្តិធម៌ក្នុងការទាមទារទឹកដីដែលរងការរំលោភបំពានត្រឡប់មកវិញ។

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហការីមកពីបណ្តារាជធានីភ្នំពេញ និងខេត្តផ្សេងៗ ព្រមទាំងក្រុមហ៊ុន Smart ដែលបាននាំយកអំណោយមនុស្សធម៌មកចែកជូន ដើម្បីជួយសម្រាលការលំបាក របស់បងប្អូនភៀសសឹក។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអរគុណដល់ប្រតិភូជាបងប្អូនសាសនិកឥស្លាម និងនិស្សិតយ៉ាងច្រើនដែលបានចូលរួមនាថ្ងៃនេះ គឺដើម្បីសិក្សា និងស្វែងយល់បន្ថែមអំពីស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ សំដៅរកវិធីសាស្ត្រ ឬលទ្ធភាពផ្សេងៗទៀតក្នុងការបន្តជួយផ្គត់ផ្គង់ទៅថ្ងៃមុខ។

ចំណែកលោកស្រី ខាក់ ចិន្តា នាយកប្រតិបត្តិផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន Smart បានលើកឡើងថា ក្រុមហ៊ុនបានបង្កើតមូលនិធិបម្រុងមួយ ដើម្បីជួយសម្រាលការលំបាក ផ្គត់ផ្គង់ និងសម្រួលដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបានឆ្លងកាត់ និងប្រឈមមុខនឹងគ្រាលំបាក ជាពិសេសក្រោយពេលមានសង្គ្រាម និងការភៀសខ្លួន។ ជាមួយគ្នាដែរ លោកស្រី បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ដែលបានផ្តល់ឱកាសឱ្យក្រុមហ៊ុន Smart អាចចូលរួមចំណែកក្នុងការជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋនាពេលនេះ។

សូមរំលឹកថា នេះជាលើកទី២ ហើយដែលឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចែកអំណោយជូនបងប្អូនជនភៀសសឹកនៅតំបន់ខាងលើ ដោយកាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ បានចែកចំនួន ១៦០០គ្រួសាររួចហើយ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំស្លក្រាម ដែលជាការឧបត្ថម្ភរបស់អង្គការសម្ព័ន្ធពិភពឥស្លាម (MWL) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

អំណោយខាងលើ ខាងលើទទួលបានឧបត្ថម្ភ ពីក្រុមហ៊ុន Smart Axitata ក្នុង១កញ្ចប់នីមួយៗមាន អង្ករ២៥គីឡូក្រា, មី១កេស, ត្រីខ១យួរ, ទឹកត្រី៦ដប និងទឹកសុីអុីវ៦ដប។ ក្រុមហ៊ុន Smart ជាក្រុមហ៊ុនរបស់រដ្ឋម៉ាឡេស៊ី ហើយក៏ជាក្រុមហ៊ុនដែលធ្វើអាជីវកម្មមានការរីកចម្រើនលូតលាស់ខ្លាំង និងជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការបង់ពន្ធជូនរដ្ឋ ។ លើសពីនេះ ក្រុមហ៊ុនក៏ធ្លាប់ទទួលបានលិខិតថ្លែងអំណរគុណពីប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត ផងដែរ៕