ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារកម្ពស់៣ជាន់ សមិទ្ធផលនានា និងប្រគល់សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន និងសញ្ញាបត្របរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ជូនដល់គរុសិស្ស គរុនិស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹកនេះកូនស្រីរបស់សម្ដេច ចូលរួមក្នុងកម្មវិធីនេះផងដែរ។ កូនស្រីរបស់សម្ដេចចាប់អារម្មណ៍ និងរីករាយដែលបានចូលរួម។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសេចក្ដីសោមន្សរីករាយ ដែលបានអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រជូនគរុសិស្ស និស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដែលបានលេចចេញជារូបរាងនៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡានេះ កំពុងឆ្លុះបញ្ចាំងពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសវិស័យអប់រំកាយ និង កីឡា សំដៅលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការកសាងសុខភាពរាងកាយ ឱ្យរឹងមាំ, ការថែរក្សាសុខភាពផ្លូវចិត្ត ឱ្យជ្រះថ្លា, និងការជំរុញសិនិទ្ទភាពសង្គមជាតិ (Social Cohesion)។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា, ក៏ដូចជា ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ បុគ្គលិក ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និង កម្មវិធីកែទម្រង់ ដែលបាននិងកំពុងកែលម្អវិស័យអប់រំ ឱ្យប្រសើរឡើងជាលំដាប់, និយាយជារួម និង លើកស្ទួយវិស័យអប់រំកាយ និង កីឡាឱ្យរស់រវើក, និយាយដោយឡែក។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ដែលមាន ចក្ខុវិស័យវែងឆ្ងាយ ជាមួយបេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវ ដែលបាននិងកំពុងដើរតួនាទីជាត្រីវិស័យ និងបង្គោលចរ សម្រាប់ដឹកនាំគ្រឹះស្ថានសិក្សានេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ក្នុងវិស័យអប់រំកាយ និងកីឡា ចាប់តាំងពីឆ្នាំ ១៩៨៨មក។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់របស់វិទ្យាស្ថានជាតិអប់រំកាយ និង កីឡា, ទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង បច្ចេកវិទ្យា, ការកែលម្អកម្មវិធី និងវិធីសាស្ត្របណ្តុះបណ្តាល, ការអភិវឌ្ឍសមត្ថភាពគ្រូលើការស្រាវជ្រាវ និង ការបង្រៀន, និងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ សំដៅឆ្លើយតបនឹងការកើនឡើង, ទាំងបរិមាណ និងគុណភាព, នៃតម្រូវការរបស់សង្គមជាតិ ក្នុងវិស័យអប់រំកាយ និង កីឡា។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវអំណរគុណចំពោះ រាជរដ្ឋាភិបាល និង ប្រជាជនជប៉ុន ជាពិសេស អង្គការមិនមែនរដ្ឋាភិបាលបរទេសបេះដូងមាស និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដែលបានឧបត្ថម្ភគាំទ្រដល់គម្រោងសាងសង់អគារកម្ពស់៣ជាន់ និងសមិទ្ធផលនានា នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយបានបំពាក់នូវសម្ភារៈបរិក្ខារគ្រប់គ្រាន់ សម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវរបស់លោកគ្រូ អ្នកគ្រូ និង គរុសិស្ស គរុនិស្សិត សំដៅចូលរួមលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន មុខវិជ្ជាអប់រំកាយ និងកីឡានៅកម្ពុជា។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ស សុខា ដែលបានជួយកសាងទីលានបាល់ទាត់ស្មៅសិប្បនិម្មិត និងជួសជុលកែលម្អទីលានស្មៅធម្មជាតិ របស់វិទ្យាស្ថាននេះ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និង ភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ស្របតាមពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈ ការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិ, និង ការបន្តលើកកម្ពស់ចំណេះដឹង, ចំណេះធ្វើ, សីលធម៌ និងវិន័យ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបបានកាន់តែប្រសើរ និង ទាន់ពេល ទៅនឹងសេចក្តីត្រូវការ នៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និង កិច្ចការពារជាតិមាតុភូមិ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានប្រសិទ្ធភាព, ភាពស័ក្ដិសិទ្ធិ និង សមធម៌ តាមរយៈ ការសិក្សាដាក់ចេញនូវ គោលនយោបាយផែនការយុទ្ធសាស្ត្រ និងកម្មវីធីកែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅអប់រំបណ្ដុះបណ្តាល ប្រជាជនកម្ពុជា ជាពិសេស យុវជន និង កុមារ ឱ្យមានចំណេះដឹងទូលាយ, ជំនាញពិតប្រាកដ, សីលធម៌ និង វិន័យ, ក៏ដូចជា សុខភាពផ្លូវកាយ និង ផ្លូវចិត្ត រឹងមាំ ដើម្បីក្លាយជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកការអភិឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាការងារអាទិភាពខ្ពស់ ក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម និងវែង តាមរយៈការបន្តបង្កើនការវិភាជថវិកាជាតិ ដល់វិស័យសង្គមកិច្ច, និយាយជារួម និង វិស័យអប់រំ និង សុខាភិបាល, និយាយដោយឡែក

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានករណីកាត់ថវិកា ១៧០លានដុល្លារ នៅឆ្នាំ២០២៧ ក្នុងវិស័យអប់រំ និងសុខាភិបាល ដើម្បីទៅពង្រឹងវិស័យការពារជាតិឡើយ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យសង្គមកិច្ច អប់រំ សុខាភិបាល នៅបន្ដកើនឡើងគ្មានការថមថយឡើយ ហើយនឹងបន្ដកើនជាបន្ដបន្ទាប់ដល់ឆ្នាំ២០២៨

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យការពារជាតិ រាជរដ្ឋាភិបាលកម្ពុជា មានថវិកាគ្រប់គ្រាន់ដើម្បីបង្កើន ដោយមិនចាំបាច់កាត់ពីវិស័យអប់រំ និងសុខាភិបាលនោះទេ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យអាទិភាពរបស់ជាតិនៅដើមអាណត្តិនេះ មនុស្សនៅតែជាគោលដៅទី១របស់រាជរដ្ឋាភិបាល

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៣ឆ្នាំមកនេះ ថវិកានៅក្នុងវិស័យសង្គមកិច្ច កើន២៦០០លានដុល្លារ, វិស័យការពារជាតិ កើន១១០០លានដុល្លារ។ បើគិតជាមេគុណចំណាយលើសង្គមកិច្ច អប់រំ និងសុខាភិបាល កើនមួយគុណ២ បើធៀបនឹងវិស័យការពារជាតិ និងសន្ដិសុខជាតិ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យអប់រំ និងសុខាភិបាល នៅតែជាវិស័យចាំបាច់ បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិទ្យុបារាំងយល់ច្រឡំ ចំពោះតួលេខចុងក្រោយក្នុងច្បាប់ថវិកាជាតិ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពន្យល់អំពីតួលេខថវិកា ដែលរដ្ឋបានចំណាយ និងគ្រោងចំណាយ នៅក្នុងច្បាប់ថវិកាជាតិ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ច្បាប់ថវិកាជាតិ ស្ថិតក្នុងដំណាក់កាលនៃការចរចា រហូតទាល់តែខែកញ្ញាទើបចេញជាស្ថាពរ ដូច្នេះសូមកុំយល់ច្រឡំ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិការបស់ក្រសួងសុខាភិបាល នៅឆ្នាំ២០២៦ ចំនួនជាង២៧៥៥ប៊ីលានរៀល, គោលនៅឆ្នាំ២០២៧ ២៦៩៤ប៊ីលានរៀល ដើម្បីយកទៅចរចា មិនមែនតួលេខសម្រេចនោះទេ ពោលនៅពេលចរចាសម្រេច គឺតែងតែឡើងច្រើនជាងនេះ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិកាក្នុងវិស័យសង្គមកិច្ច ២០២៧-២០២៩ នឹងកើនឡើងជាបន្ដបន្ទាប់

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិកាក្នុងវិស័យអប់រំ ដែលបានយកទៅចរចា នៅឆ្នាំ២០២៦ ចំនួន៤៤៥៧ប៊ីលានរៀល ហើយពេលចរចាចេញជាផ្លូវការ ចំនួន៤៤៧៤ប៊ីលានរៀល។ ខណៈឆ្នាំ២០២៧ ចំនួន៤៩៨៩ប៊ីលានរៀលយកទៅចរចា ដូច្នេះនៅពេលចេញជាផ្លូវការនឹងកើនឡើង គ្មានការកាត់បន្ថយឡើយ។ គ្រប់វិស័យទាំងអស់ តួលេខចរចាចេញជាផ្លូវការ តែងតែច្រើនជាងតួលេខគោលដែលដាក់ទៅដំបូង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិកាដែលទម្លាក់ចូលក្នុងវិស័យអប់រំ នៅឆ្នាំ២០២៧ នឹងបន្ដកើនឡើង ដូច្នេះលោកគ្រូ អ្នកគ្រូកុំព្រួយបារម្ភ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់វិស័យការពារជាតិ នៅឆ្នាំ២០២៧ ក៏នឹងកើនឡើង ហើយរដ្ឋមានថវិកាគ្រប់គ្រាន់ដើម្បីចំណាយ ដោយមិនចាំបាច់កាត់ចេញពីវិស័យផ្សេងៗទៀតនោះទេ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យការពារជាតិ និងសន្ដិសុខ គឺត្រូវធ្វើជាប្រចាំជាបន្ដបន្ទាប់ មិនមែនធ្វើត្រឹមមួយថ្ងៃនោះទេ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងវិស័យអប់រំ និងសុខាភិបាល ក៏ជាចំណែកពង្រឹងដល់វិស័យការពារជាតិដូចគ្នា

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃអាទិត្យកន្លងទៅ សម្ដេចបានធ្វើដំណើរទៅតំបន់ខ្នងផ្សារ ដោយមិនបានត្រៀមទុក និងតំបន់ទេទឹកពុះ ដោយបន្លំជាពលរដ្ឋធម្មតា ដើម្បីសួរផ្ទាល់ជាមួយសហគមន៍

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទៅតំបន់ខ្នងផ្សារ ដើម្បីពិនិត្យមើលដោយផ្ទាល់អំពីការសម្រេចការងារ ក្នុងផែនការដែលសម្ដេចបានដាក់កន្លងទៅកាលពីឆ្នាំ២០២៥

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចមិនមើលត្រឹមរបាយការណ៍នោះទេ គឺទៅពិនិត្យមើលលទ្ធផលសម្រេចបានជាក់ស្ដែង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តំបន់ខ្នងផ្សារ សម្ដេចបានសម្រេចដកអាជ្ញាប័ណ្ណវិនិយោគឯកជនមួយ ដើម្បីកុំឲ្យប៉ះពាល់ដល់សហគមន៍

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីប្រទេសជាតិជួបបញ្ហាសង្គ្រាម ប៉ុន្ដែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ទៅកាន់តំបន់ខ្នងផ្សារ មិនបញ្ឈប់នោះឡើយ បច្ចុប្បន្នសម្រេចបានលទ្ធផលជាបន្ដបន្ទាប់

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ដ្រីទេសចរណ៍ និងបរិស្ថាន រួមទាំងអ្នកពាក់ព័ន្ធដែលអភិវឌ្ឍន៍តំបន់ខ្នងផ្សារ និងផ្លូវថ្នល់ទៅតំបន់នោះ ដោយទទួលបានចំណាត់ថ្នាក់ A++ ព្រោះត្រូវគ្នាជាមួយរបាយការណ៍ និងនៅលើដីជាក់ស្ដែង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំសហគមន៍នៅតំបន់ខ្នងផ្សារ រួមគ្នាថែរក្សាបរិស្ថាន។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋនៅតំបន់ខ្នងផ្សារ បានបញ្ឈប់សកម្មភាពចូលព្រៃកាប់ឈើ ងាកមករកចំណូលពីវិស័យទេសចរណ៍

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរបស់សម្ដេចនៅតំបន់ខ្នងផ្សារ និងទេទឹកពុះ កាលពីថ្ងៃអាទិត្យកន្លងទៅ គឺដើម្បីអភិវឌ្ឍន៍ មិនមែនដកចេញឲ្យប៉ះពាល់ប្រជាសហគមន៍នោះទេ សូមកុំមានការយល់ច្រឡំ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរៀបចំផ្លូវថ្មើរជើង និងកន្លែងងូតទឹកស្អាត នៅតំបន់ទេទឹកពុះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងរដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដែលខំប្រឹងធ្វើការយ៉ាងពិតប្រាកដ មិនមែនមានត្រឹមរបាយការណ៍។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយបញ្ហាព្រំដែន ត្រូវការពេលវេលា ដោះស្រាយដោយផ្អែកតាមផ្លូវច្បាប់ជាមូលដ្ឋាន

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីរាជរដ្ឋាភិបាល ពង្រឹងវិស័យការពារជាតិ តែមិនចោលការអភិវឌ្ឍតិចតូចនោះមូលដ្ឋាននោះឡើយ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដោះស្រាយបញ្ហាការពារជាតិ និងទឹកដី មិនមែនប្រើប្រាស់តែកម្លាំងប្រដាប់អាវុធនោះទេ គឺប្រើប្រាស់មធ្យោបាយសរុប កម្លាំងសរុប កម្លាំងជាតិទាំងមូល

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខបន្ដទៀត ពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏ចាត់ទុកការងារអប់រំកាយ និង កីឡា ជាការងារគន្លឹះមួយក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ពីព្រោះដើម្បីក្លាយជាមូលធនមនុស្សពិតប្រាកដ, ពលរដ្ឋត្រូវមានទាំង ចំណេះដឹង, ជំនាញ, បទពិសោធ និង សុខភាព ដែលមិនអាចកាត់ផ្តាច់ពីសកម្មភាព អប់រំកាយ និង កីឡា។ ជាលទ្ធផលវិស័យអប់រំកាយ និង កីឡា បានក្លាយជាវិស័យឈានមុខមួយ និងទទួលបានការសាទរពីសាធារណជន, ឆ្លុះបញ្ចាំងតាមរយៈ ការទទួលបានជ័យជម្នះពីការប្រកួត ជើងឯកពិភពលោក, ជើងឯកអាស៊ី, និងជើងឯកអាស៊ីអាគ្នេយ៍, ព្រមទាំងការប្រកួតកីឡាផ្សេងៗ ជាច្រើនទៀត

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវាយតម្លៃ គុណភាពកីឡា គឺមិនផ្ដោតលើចំនួនឡើយ គឺផ្ដោតលើលទ្ធផលដែលបានមកពីការប្រកួត

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណកីឡាករ កីឡាការិនី គ្រូ និងសប្បុរសជន ដែលរួមចំណែកលើកកម្ពស់សមត្ថកភាពកីឡាករ កីឡាការិនី

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីកម្ពុជាចូលប្រកួតក្រោយគេ ថវិកាមានកម្រិត ប៉ុន្ដែយើងអាចធ្វើបានមិនត្រឹមតែទ្រឹស្ដី តែសម្រេចបានជាលទ្ធផលរួចរាល់ហើយ ទោះមេដាយបានតិចឬច្រើន

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពលរដ្ឋបង្កើនការលេងកីឡា និងអាជ្ញាធររៀបចំហេដ្ឋារចនាសម្ព័ន្ធ សួនសាធារណៈ ដើម្បីពលរដ្ឋលេងកីឡា

* ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា, និយាយជារួម និង វិស័យអប់រំកាយ និងកីឡា និយាយដោយឡែក, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖

ទី១៖ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវពង្រឹងកិច្ចសហការ ជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ និង វិស័យឯកជន ដើម្បីជំរុញការអនុវត្ត «យុទ្ធនាការយុវជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត» តាមរយៈ ការលើកទឹកចិត្តប្រជាជន ទាំងបុរស និងស្ត្រី ឱ្យចូលរួមក្នុងសកម្មភាពកីឡា, ការបំផុសសកម្មភាពកីឡាគ្រប់ប្រភេទ, ការពង្រឹងមុខវិជ្ជា អប់រំកាយ និងកីឡា នៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត, ការអភិវឌ្ឍការងារអប់រំកាយ និង កីឡា ក្នុងចំណោម សិស្ស និស្សិត និងសាធារណជន, ការពង្រឹង ពង្រីកសកម្មភាពផ្សព្វផ្សាយអំពីសារសំខាន់ នៃការអប់រំកាយ និង កីឡា, និង ការជ្រើសរើសកីឡាករឆ្នើម តំណាងជាតិ តំណាងអង្គភាព និងតំណាងគ្រឹះស្ថានសិក្សា ប្រកបដោយ តម្លាភាព

ទី២៖ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តជំរុញការអនុវត្ត «គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និង កីឡា», ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់អង្គការរដ្ឋកីឡា, អង្គការសង្គមកីឡា, និងអង្គការសង្គមវិជ្ជាជីវៈកីឡា តាមរយៈ ការលើកកម្ពស់ការអប់រំ, បណ្ដុះបណ្តាលលើមុខវិជ្ជាអប់រំកាយ និងកីឡា, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអប់រំកាយ និង កីឡា, ការស្រាវជ្រាវ និងចងក្រងឯកសារវិទ្យាសាស្ត្រ និង វេជ្ជសាស្ត្រអប់រំកាយ និង កីឡា, ការផ្តល់ស្វ័យភាពការងារផ្នែកអប់រំកាយ និង កីឡា, និងការបង្កើនថវិកាដល់អង្គការសង្គមកីឡា

ទី៣៖ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបង្កើនកិច្ចសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍ និង វិស័យឯកជន ដើម្បីត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ក្នុងឆ្នាំ២០២៨, និង ការប្រកួតកីឡាយុវជនអាស៊ីហ្គេមលើកទី៥ ក្នុងឆ្នាំ២០៣១ នៅកម្ពុជា ឱ្យបានជោគជ័យ, ទាំងក្នុងក្របខ័ណ្ឌនៃ ការរៀបចំធ្វើជាម្ចាស់ផ្ទះ និង ការប្រកួតប្រជែងដណ្តើមយកមេដាយ

ទី៤៖ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តអភិវឌ្ឍកីឡាជនពិការ តាមរយៈ ការអភិវឌ្ឍរចនាសម្ព័ន្ធគ្រប់គ្រងកីឡាជនពិការ ក្នុងស្ថាប័នអប់រំ, ស្ថាប័នសង្គមកិច្ច, ស្ថាប័នសុខាភិបាល និងសា្ថប័នពាក់ព័ន្ធផ្សេងទៀត, ការជំរុញការអភិវឌ្ឍកីឡាជនពិការគ្រប់ប្រភេទ, និង ការផ្ដល់ឱកាសដល់ជនមានពិការភាព ឱ្យចូលរួមដឹកនាំក្នុងវិស័យកីឡា ជាពិសេស កីឡាជនពិការ

ទី៥៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអភិវឌ្ឍឧស្សាហកម្មកីឡានៅកម្ពុជា ដោយលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន តាមរយៈការបង្កើតយន្តការលើកទឹកចិត្តផ្នែកសារពើពន្ធ និង យន្តការភាពជាដៃគូរវាងរដ្ឋ និង វិស័យឯកជន, ការបង្កើត ផលិត និងកែច្នៃ ផលិតផលកីឡា, ការលើកកម្ពស់ «ទេសចរណ៍កីឡា», ការបណ្ដុះបណ្តាលធនធានមនុស្សផ្នែកគ្រប់គ្រងអាជីវកម្មកីឡា, ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យកីឡា, និង ការជំរុញការផ្លាស់ប្តូរផ្នត់គំនិត ពី «កីឡាដើម្បីកម្សាន្ត» ទៅជា «កីឡាដើម្បីប្រាក់ចំណេញ»

* សម្ដេចមហាបវរធិប​តី ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរចំពោះ គរុសិស្ស គរុនិស្សិត ជ័យលាភីទាំង ៣៨០នាក់ (ស្រី ៦៨ នាក់) នៃវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ដែលបានខិតខំសិក្សារៀនសូត្រ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនៈ, និង សូមលើកទឹកចិត្តដល់ជ័យលាភីទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេស ក្រសួងអប់រំ យុវជន និង កីឡា ក្នុងបេសកកម្មអភិវឌ្ឍវិស័យអប់រំកាយ និង កីឡានៅកម្ពុជា សំដៅចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន និង អភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ លើមូលដ្ឋាន «សុខភាពរាយកាយរឹងមាំ និង សុខភាពផ្លូវចិត្តជ្រះថ្លា របស់ប្រជាជន»

* សម្ដេចមហាបវរធិប​តី ហ៊ុន ម៉ាណែត សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គរុសិស្ស គរុនិស្សិត ជ័យលាភីទាំងអស់ នឹងខិតខំពុះពារជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនឱ្យស័ក្តិសមជាពលរដ្ឋល្អ, មន្ត្រីរាជការល្អ, និងបុគ្គលិកល្អដោយប្រើនូវចំណេះ ជំនាញពិតប្រាកដរបស់ខ្លួន ប្រកបដោយ មនសិការវិជ្ជាជីវៈ, សីលធម៌ល្អ និងដាក់ខ្លួនបម្រើប្រជាជនដោយស្មោះសរ ដើម្បីបុព្វហេតុជាតិមាតុភូមិដ៏ថ្លៃថ្លារបស់យើង។