ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ សម្រាប់ការនាំចេញមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន។
ជាមួយវត្តមានអនុស្សរណៈនេះ ភាគីកម្ពុជានិងចិននឹងជំរុញការនាំចេញកសិផល សក្តានុពលពីកម្ពុជាទៅកាន់ទីផ្សារចិន ព្រមទាំងធានាបាននូវគុណភាព និងស្តង់ដារអនាម័យ សំដៅនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ដែលការងារនេះបានលើកទឹកចិត្តដល់កសិករខ្មែរដែលធ្វើដំណាំមៀនប៉ៃលិន។
យោងតាមក្រសួងកសិកម្មឆ្នាំ២០២០បានឲ្យដឹងថា ផ្ទៃដីដំណាំមៀនប៉ៃលិនទូទាំងប្រទេសមានសរុប១៣៦០៨ហិចតាដែលក្នុងនោះមានខេត្តចំនួន៤ដែលមានផ្ទៃដីដំណាំមៀនបៃលិននេះច្រើនជាងគេគឺខេត្តបន្ទាយមានជ័យមាន៧៩៩ហិចតា ខេត្ត បាត់ដំបង៦០៥០ហិចតា ខេត្តរតនគិរី ១២៧៧ហិចតា និងខេត្តប៉ៃលិនចំនួន៤៣៨៩ហិចតា។ សូមរម្លឹកថា កន្លងមកនេះ ទីផ្សារធំបំផុត សម្រាប់ផលិតផលមៀនប៉ៃលិនស្រស់ គឺប្រទេសចិន ដែលប្រមូលទិញដោយក្រុមហ៊ុនចិនមានទីស្នាក់ការនៅប្រទេសថៃដែលធ្វើឡើង តាមរយៈឈ្មួញកណ្តាលខ្មែរដែលចុះប្រមូលទិញដល់ចម្ការកសិករ។
សូមបញ្ជាក់ថា មកដល់ពេលនេះមាន៨ក្រុមហ៊ុន ដែលទទួលបានសិទ្ធិវេចខ្ចប់និងនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន។ បើតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥មាន ក្រុមហ៊ុន សហគ្រាស ដែលកែច្នៃ សម្ងួត វេចខ្ចប់ផ្លែមៀនប៉ៃលិន បានធ្វើការនាំចេញផ្លែមៀនប៉ៃលិន ទាំងស្រស់ និងក្រៀម ចំនួន ជិត ១៥០០០តោន ទៅកាន់ទីផ្សារប្រទេសចិន សហរដ្ឋអាមេរិក និងសហគមន៍អឺរុប។
សូមរម្លឹកថាកាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០២២កម្ពុជាសម្រចបានការនាំចេញមៀនប៉ៃលិនជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនលើកដំបូងក្រោយការចរចាទីផ្សារ និងភូតគាមអនាម័យមានជោគជ័យប្រើពេលប្រមាណ៣ឆ្នាំ។
សមទ្ធិផលថ្មីមួយនេះ បានរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការបង្កើតការងារ ប្រាក់ចំណូលដល់កសិករ ទាក់ទាញវិនិយោគទុនចិនបន្ថែមទៀត ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធវេចខ្ចប់ និងកែច្នៃបម្រើឱ្យការនាំចេញជាដើម៕


