កម្ពុជារៀបចំសន្និសីទវិទ្យាសាស្ត្រលើកទី១៥ ជំរុញការការផ្សារភ្ជាប់វិស្វកម្ម និងបច្ចេកវិទ្យា ជាមួយឧស្សាហកម្មដើម្បីកំណើនប្រកបដោយចីរភាពនៅកម្ពុជា


(​​ភ្នំពេញ)៖ សន្និសីទវិទ្យាសាស្ត្រលើកទី១៥ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានផ្តោតលើការរផ្សារភ្ជាប់វិស្វកម្ម និងបច្ចេកវិទ្យា ជាមួយឧស្សាហកម្ម ដើម្បីកំណើនប្រកបដោយចីរភាពនៅកម្ពុជា​ ដោយបានប្រមូលផ្តុំអ្នកបង្កើត គោលនយោបាយ ស្ថាប័នសិក្សានិងស្រាវជ្រាវ និងវិស័យឯកជនមកពីបណ្ដាញក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីចែករំលែកពិភាក្សាអំពី ការអភិវឌ្ឍថ្មីៗ គំនិតថ្មីៗ និងរបកគំហើញនៅក្នុងបច្ចេកវិទ្យាវិស្វកម្ម ឆ្ពោះទៅកាន់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមឌីជីថល។

សន្និសីទវិទ្យាសាស្ត្រលើកទី១៥ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្ត រួមសហការណ៍ជាមួយសិក្ខាសាលាថ្នាក់តំបន់ កិច្ចសន្ទនាវិទ្យាសាស្ត្រ​គោលនយោបាយសម្រាប់ការគ្រប់គ្រងសំណល់ ប្លាស្ទិកឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា និងផ្នែកផ្សេងៗនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា អង្គការ JICA, AUF​ ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។​

​ព្រឹត្តិការណ៍នេះមានរយៈពេល០២ថ្ងៃ គឺថ្ងៃទី០៤-០៥ ខែមិថុនា ឆ្នាំ២០២៦។

លោកសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានថ្លែងថា ​តាមរយៈការរៀបចំសន្និសីទវិទ្យាសាស្ត្រលើកទី១៥នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ​ ទាំងក្នុងស្រុក តំបន់ និងអន្តរជាតិ​ដែលភាពជាដៃគូដ៏រឹងមាំនេះ គឺជាមូលដ្ឋានគ្រឹះនៃការស្រាវជ្រាវ និងនវានុវត្តន៍ដ៏មានឥទ្ធិពល។ លើសពីនេះ ចង់ជំរុញសកម្មភាពស្រាវជ្រាវ​នៅ ITC ដោយធ្វើការរួមគ្នាជាមួយដៃគូជាតិ និងអន្តរជាតិ។

​លោកបន្តថា ក្រៅពីនេះ ITC មានបំណងជំរុញការលើកកម្ពស់ការស្រាវជ្រាវពហុជំនាញ និងកិច្ចសហការ​ ដោយបច្ចុប្បន្នបានកំពុងកសាងស្ពានរវាង ITC វិស័យសាធារណៈ និងវិស័យឯកជន​ ដោយផ្តោតលើការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងទៅកាន់ឧស្សាហកម្ម និងសង្គម។

​លោកបន្ថែមថា«យើងក៏មានគោលបំណងចែករំលែកលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្ររបស់យើងជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដោយធ្វើឱ្យប្រាកដថាការងាររបស់យើងទៅដល់អ្នកដែលអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីវា។ ជាមួយគ្នានេះយើងចង់លើកទឹកចិត្តដល់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវរបស់យើងឱ្យដើរតួនាទីយ៉ាងសកម្មក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយជំរុញការចូលរួមចំណែករបស់ ITC ចំពោះនវានុវត្តន៍ក្នុងវិស្វកម្ម និងបច្ចេកវិទ្យា»។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ មានប្រសាសន៍ថា ​សន្និសីទវិទ្យាសាស្ត្របានជួយលើកកម្ពស់ការច្នៃប្រឌិត និងការអភិវឌ្ឍកម្លាំងពលកម្មដែលជំនាញខ្ពស់ ​និងចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ជាមួយគ្នានេះ សិក្ខាសាលាថ្នាក់តំបន់ស្តីពីកិច្ចសន្ទនាវិទ្យាសាស្ត្រ​គោលនយោបាយសម្រាប់ការគ្រប់គ្រងសំណល់ ប្លាស្ទិកឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា គឺមានសារៈសំខាន់ដូចគ្នា ព្រោះការបំពុលដោយប្លាស្ទិក មិនត្រឹមតែជាបញ្ហាប្រឈមផ្នែកបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាផងដែរ។

​ សម្រាប់ថ្ងៃទី១ នៃសន្និសីទវិទ្យាសាស្ត្រលើកទី១៥ មានបទបង្ហាញគន្លឹះ ចំនួន០៣ និងការណែនាំឱ្យស្គាល់អំពីសមាគមន៍វិស្វកម្ម វិទ្យាសាស្ត្រ- បរិស្ថានកម្ពុជា។ បន្ថែមពីនេះ ក៏មានបទ បង្ហាញពីបណ្ដាអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិចំនួន ១៣៥រូប ដែលចែកជា ១២ parallel sessions រួមមាន៖ Smart Energy Innovation and Management for a Sustainable, Efficient, and Resilient Future; Food Science and Product Development; Analytical Assessment and Sustainable Food Supply Chain; AI-Enabled Digital Transformation; Smart Sensing and Autonomous Systems; Data-Driven Solutions for Society and Industry; Emerging Technologies in Advanced and Sustainable Materials; ​ Smart Transportation and Sustainable Infrastructure; Special Session for Project for Establishment of Risk Management Platform for Air Pollution; Water Treatment & Emerging Pollutants; Hydrology & Water Resources Management និងសិក្ខាសាលាថ្នាក់តំបន់ស្តីពីកិច្ចសន្ទនាវិទ្យាសាស្ត្រ-គោលនយោបាយ សម្រាប់ការគ្រប់គ្រងសំណល់ប្លាស្ទិកឆ្ពោះទៅរកសេដ្ឋកិច្ចចក្រ។

សន្និសីទវិទ្យាសាស្ត្រលើកទី១៥ ដែលរៀបចំឡើងរយៈពេល២ថ្ងៃ មានការចូលរួមតាំងពិព័រណ៍ ចំនួន៤២ស្តង់ ​ពីក្រុមហ៊ុនក្នុងស្រុក និងក្រៅស្រុក អ្នកឧបត្ថម្ភកម្មវិធី មហាវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ និង នវានុវត្ត សាលាក្រោយបរិញ្ញាបត្រ កម្មវិធីអន្តរជាតិនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្តង់សម្រាប់ការប្រកួត Robot របស់និស្សិត រួមទាំងការតាំងពិព័រណ៍ posters របស់អ្នកស្រាវជ្រាវ និងនិស្សិតចំនួន៩០រូប។

ការចូលរួមគាំទ្រ និង ការធ្វើបទបង្ហាញក្នុងកម្មវិធីនេះមានមកពី ១០សកលវិទ្យាល័យក្នុងស្រុក ១៧ សកលវិទ្យាល័យអន្តរជាតិ ៦ក្រសួង នានា និង៥ក្រុមហ៊ុនឯកជន។

ជាមួយនេះដែរ នៅថ្ងៃទី០១ និងទី០២ក៏មានការធ្វើទស្សនកិច្ចនៅតាមមន្ទីរពិសោធន៍ នានាសម្រាប់សិស្សវិទ្យាល័យមកពីបណ្តាសាលាផ្សេងៗតាមខេ ភ្នំពេញចំនួនប្រមាណ១០០០នាក់ និងភ្ញៀវ កិត្តិយសផងដែរ។

មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ភ្ញៀវ កិត្តិយស និងអ្នកចូលរួមពីគ្រប់ទិសទី ជាពិសេសដល់ក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតបារាំងប្រចាំកម្ពុជា អង្គការ JICA, AUF សម្រាប់ការគាំទ្រនៅក្នុងព្រឹត្តិការណ៍នេះ និងស្ថាប័នស្រាវជ្រាវ គម្រោង និងក្រុមហ៊ុនឯកជនរួមមាន Branch of Panasonic Asia Pacific PTE., Ltd.; Platform for Research and Training on Power System of the EDC-AFD-EU Project; Institut de Recherche pour le Développement (IRD); TEM Trading M&E Product Co., Ltd.; ELTEKH Systems Co., Ltd.; DKK-TOA Corporation & Grande Solid Co., Ltd.; CIRAD (French Agricultural Research Center For International Development); Southeast Asia Branch of China Railway Urban Construction Group Co., Ltd.; CapCEE Project; ET&S Engineering Import Co., Ltd.; GEOPRO Engineering Co., Ltd.; K-GEO Solution Co., Ltd.; SNP-PT International Co., Ltd.; Yonemori Construction Co., Ltd.; Utracon (Cambodia) Co., Ltd; ALTHOS Partners Japan Co., Ltd.; Sika (Cambodia) Ltd.; DENSO (Cambodia) Co., Ltd.; Today Internet; និង INACON Project ដែលបានចូលរួមឧបត្ថម្ភកម្មវិធី សន្និសីទវិទ្យាសាស្ត្រលើកទី១៥ ដែលជាការរួមចំណែកជម្រុញដល់វប្បធម៌ស្រាវជ្រាវ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយវិទ្យាស្ថាន (សាលាតិចណូ) បន្ថែមទៀត​៕