នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សស្រុកស្ទោង ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចុះពិនិត្យ ព្យាបាល វះកាត់ និងផ្តល់វ៉ែនតាជំនួយការមើលដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋចំនួន ២៥៦១នាក់ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលរស់នៅតំបន់ជនបទដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមក្នុងកម្មវិធីថ្ងៃនេះ សូមបន្តថែរក្សាសុខភាពឱ្យបានល្អថែមទៀត ដោយរក្សាឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់បង្ការនូវជំងឺឆ្លងផ្សេងៗ ក្នុងរដូវវស្សា និងបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា កន្លងមកនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទោង ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ បានសម្របសម្រួលនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចម្រុះជាតិសាសន៍ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្រុកស្ទោង បានចំនួនពីរលើករួចមកហើយគឺ លើកទី១នៅថ្ងៃទី៥-៧ ខែកក្កដា ឆ្នាំ២០២៥ ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋប្រមាណ ៣០០០នាក់ និងលើកទី២នៅថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២៦ ពិនិត្យព្យាបាលជូនប្រជាពលរដ្ឋប្រមាណ១៥០០នាក់ ព្រមទាំងបានបញ្ជូនអ្នកជំងឺត្រចៀកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ខេត្តកណ្តាលផងដែរ៕


