រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការចូលរួមរបស់សហគ្រាសចិន នៅកម្ពុជា បានក្លាយជាផ្នែកមួយនៃការជំរុញការវិនិយោគ ការបង្កើតការងារ ការផ្ទេរជំនាញ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា​ ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានបន្តរីកចម្រើនយ៉ាងសំខាន់ ក្នុងបរិយាកាសនៃមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រួម។ ការចូលរួមរបស់សហគ្រាសចិននៅកម្ពុជា បានក្លាយជាផ្នែកមួយនៃការជំរុញការវិនិយោគ ការបង្កើតការងារ ការផ្ទេរជំនាញ និងការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនាព្រលប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងឱកាសឯកឧត្តមបានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធក្រុមហ៊ុន Dingfeng International និងសមាគមពាណិជ្ជកម្មជិនហួរនៅកម្ពុជា និងគម្រោងពាណិជ្ជកម្មសំខាន់ៗ ដែលកំពុងបង្ហាញពីស្មារតីវិនិយោគ សហប្រតិបត្តិការ និងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ប៉ុន្តែការវិនិយោគដែលល្អបំផុត គឺការវិនិយោគដែលគោរពច្បាប់ គោរពវប្បធម៌មូលដ្ឋាន គោរពសិទ្ធិ និងអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយចូលរួមជាមួយអាជ្ញាធរ សហគមន៍ និងដៃគូក្នុងស្រុក ដើម្បីបង្កើតបរិយាកាសអាជីវកម្មដែលមានសុខភាពល្អ និងចីរភាព។

នាឱកាសនោះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្តឱ្យ Dingfeng International បន្តចាត់ទុកកម្ពុជា មិនត្រឹមតែជាទីតាំងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូអភិវឌ្ឍន៍រយៈពេលវែង។ ការរីកចម្រើនរបស់ក្រុមហ៊ុនគួរត្រូវបានភ្ជាប់ជាមួយការបណ្តុះបណ្តាលធនធានមនុស្សខ្មែរ ការផ្តល់ឱកាសដល់សហគ្រាសក្នុងស្រុក ការប្រើប្រាស់សេវាកម្ម និងផលិតផលក្នុងស្រុកតាមលទ្ធភាព និងការចូលរួមក្នុងសកម្មភាពសង្គមដែលមានប្រយោជន៍។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមអបអរសាទរចំពោះ Dingfeng International, Cambodia Fuguanyuan Real Estate Development Co., Ltd. និង Acto City ចំពោះការបោះជំហានថ្មីមួយនេះ និងជូនពរឱ្យគម្រោងទាំងអស់ទទួលបានជោគជ័យ ប្រកបដោយគុណភាព សុចរិតភាព និងចីរភាព។​សូមឱ្យ Dingfeng International ក្លាយជាវេទិកាពាណិជ្ជកម្មមួយដែលមានទំនុកចិត្តខ្ពស់ សេវាកម្មល្អ ស្តង់ដារល្អ និងជាដៃគូដែលរួមចំណែកយ៉ាងវិជ្ជមានដល់ការអភិវឌ្ឍទីក្រុង ពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា៕