អភិបាលខេត្តរតនគិរី ជំរុញដល់អាជ្ញាធរបន្តឆែកឆេរ រុករក ត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរ នៅតាមទីតាំងរស់នៅប្រមូលផ្តុំ


(រតនគិរី) ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តការឆែកឆេរ រុករក ត្រួតពិនិត្យ និងការធ្វើរដ្ឋបាលចំហរនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់នៅប្រមូលផ្តុំ។ ការជំរុញរបស់ ឯកឧត្តម ញ៉ែម សំអឿន បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី ប្រចាំខែមិថុនា បានប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារ A សាលាខេត្ត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍ ស្តីពី លទ្ធផលកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ឆែកឆេរ ត្រួតពិនិត្យ និងធ្វើរដ្ឋបាលចំហរ បញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ បានប្រើប្រាស់កម្លាំងសរុបចំនួន ៩៩៧នាក់ បានត្រួតពិនិត្យជនបរទេសសរុបចំនួន ១.៨៧០ នាក់ (ស្រី ៣៤៤ នាក់) ស្មីរនឹង ១៨ សញ្ជាតិ ក្នុងនោះរួមមាន៖ ជនជាតិចិន វៀតណាម ហ្វីលីពីន ឥណ្ឌា ស្វីស អាមេរិក អង់គ្លេស បារាំង ជប៉ុន អ៊ីតាលី កូរ៉េ អូស្ត្រាលី ប៉ាពូយូគីណេ ប៊ែលហ្សិក ម៉ាឡេស៊ី ស្កុតលែន ថៃ និងឡាវ (មានឯកសារស្របច្បាប់ គ្រប់គ្រាន់)។ ហើយនៅក្នុងអំឡុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ រុករក ឆែកឆេរ ត្រួតពិនិត្យ និងការធ្វើរដ្ឋបាលចំហរ ដែលមានរយៈពេល ០២សប្តាហ៍ចុងក្រោយនេះ កម្លាំងសមត្ថកិច្ចមិនបានជួបប្រទះសកម្មភាព ឬរូបភាព ណាមួយមានការសង្ស័យជាប់ពាក់ព័ន្ធនឹងបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ឡើយ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី និងក្រុង-ស្រុកទាំង៩ ដែល បានបើកប្រតិបត្តិការស្រាវជ្រាវ រុករក ឆែកឆេរ ត្រួតពិនិត្យ ONLINE SCAMS និងធ្វើរដ្ឋបាលចំហរទទួលបានជោគជ័យ។

ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យបន្តការផ្សព្វផ្សាយច្បាប់ អនុក្រឹត្យ បទបញ្ជា និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។ បន្តការឆែកឆេរ រុករក ត្រួតពិនិត្យ និងការធ្វើរដ្ឋបាលចំហរនៅតាមក្រុមហ៊ុន រោងចក្រ សហ គ្រាស កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និងទីតាំងរស់នៅប្រមូលផ្តុំ ព្រមទាំងការត្រួត ពិនិត្យ តាមគោលដៅទាំង ០២ តាមដងផ្លូវ (ព្រំប្រទល់ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង)។ ពង្រឹងការត្រួតពិនិត្យ ឆែកឆេរ នៅតាមតំបន់ដែលមានភូមិសាស្ត្រស្មុគ្រស្មាញ ដែលពួក ឧក្រិដ្ឋជនអាចបំបែកខ្លួនជាក្រុមតូចៗសម្ងំលាក់ខ្លួនប្រព្រឹត្តបទល្មើស ឬរត់គេចខ្លួនពីសមត្ថកិច្ច។

ដោយឡែកទាក់ទងនឹងទំនិញថៃ ឯកឧត្តម អភិបាលខេត្ត បានឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវធ្វើការចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំអោយមានការលក់ទំនិញរបស់ថៃ៕