នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Park Hyo Sang នាយកប្រតិបត្តិនៃក្រុមហ៊ុន KBI Group នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។
ក្រុមហ៊ុន KBI Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥១ មានអាជីវកម្មធំៗចំនួន ៦ រួមមាន ការផលិតគ្រឿងបន្លាស់រថយន្ត, សម្ភារៈឧស្សាហកម្ម, សំណង់ និងអចលនទ្រព្យ, វាយនភ័ណ្ឌ និងការវេចខ្ចប់, បរិស្ថាន និងថាមពល, និងផ្នែកវេជ្ជសាស្ត្រ។ សព្វថ្ងៃ KBI Group មានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនជាង ៣០ក្រុមហ៊ុន និងបង្កើតសាខារបស់ខ្លួននៅប្រទេសចំនួន ១១ប្រទេស។
ក្នុងឱកាសនៃជំនួប លោក Park បានជម្រាបឯកឧត្តមអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគក្នុងប្រទេសកម្ពុជា។ លោកមានប្រសាសន៍ថាលោកជឿជាក់លើអនាគតនៃភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងមានបំណងចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ព្រមទាំងបានស្នើសុំ ឯកឧត្តម ផ្តល់អនុសាសន៍លើវិស័យដែលក្រុមហ៊ុនគួរចាប់ផ្តើមវិនិយោគ។
ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងអំពីសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជា និងបានជម្រាបលោក Park អំពីតម្រូវការចាំបាច់របស់កម្ពុជា ដែលមានភាពស្របគ្នាទៅនឹងប្រភេទអាជីវកម្មរបស់ក្រុមហ៊ុន KBI Group នោះគឺផ្នែកថាមពលសម្រាប់ទ្រទ្រងវិស័យឧស្សាហកម្ម និងការប្រើប្រាស់ក្នុងស្រុក និងផ្នែកបណ្តុះបណ្តាលគិលានុបដ្ឋាក (Nursing) ដែលបច្ចុប្បន្នកំពុងមានតម្រូវការខ្លាំងក្នុងប្រទេសកូរ៉េ។
ឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញលោក Park ទៅប្រទេសកម្ពុជាដើម្បីស្វែងយល់បន្ថែមលើវិស័យទាំងពីរខាងលើ ព្រមទាំងបានជម្រាបលោកថា ស្ថានទូតត្រៀមខ្លួនរួចជាស្រេចដើម្បីសម្របសម្រួលជំនួបរវាងក្រុមហ៊ុន KBI Group និងស្ថាប័នរដ្ឋ-ឯកជនរបស់កម្ពុជា៕





