ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច


ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្ដីព្រាងប្រកាសស្ដីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រសួងអធិការកិច្ច សេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់វិទ្យាស្ថានជាតិអធិការកិច្ច និងសេចក្ដីព្រាងប្រកាសស្ដីពីរូបសញ្ញានិងត្រារបស់មន្ទីរអធិការកិច្ចរាជធានី-ខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីប្រធាន និងតំណាង មន្ទីរអធិការកិច្ចទាំង២៥ រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ នៅទីស្ដីការក្រសួង។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសហការគ្នាយ៉ាងសកម្ម ក្នុងការពិនិត្យនិងកែសម្រួលសេចក្តីព្រាងឯកសារទាំងនេះ រហូតសម្រេចបានលទ្ធផលជាស្ថាពរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការសម្រេចបាននូវលិខិតបទដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ទាំង ៣ នេះ គឺជាសមិទ្ធផលថ្មីក្នុងការបំពេញបន្ថែម និងគាំទ្រការងាររបស់ក្រសួងឱ្យកាន់តែមានភាពពេញលេញ ដែលសមិទ្ធផលទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងច្បាស់លាស់ ទាំងនៅថ្នាក់ជាតិ និងនៅតាមបណ្តាមន្ទីរអធិការកិច្ចរាជធានី-ខេត្តទាំងអស់ ដែលនេះគឺជាការរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការធ្វើទំនើបកម្មស្ថាប័ន ស្របតាមយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួងអធិការកិច្ច។