សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល សូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃថ្វាយព្រះរាជកុសល សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ


សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត្រ និងប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃថ្វាយព្រះរាជកុសល សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ពិធីនេះធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ នៅទីស្នាក់ការសាខាកាបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមអធិបតីភាពពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា និងលោកជំទាវ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងលោកជំទាវ និងឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ រួមជាមួយនឹងឥស្សរជន ថ្នាក់ដឹកនាំ ខេត្ត ភរិយាថ្នាក់ដឹកនាំ សប្បុរសជន លោកអាចារ្យ មន្ត្រីក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១២៦អង្គ/នាក់។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ថ្នាក់ដឹកនាំ និងសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សូមអភិវន្ទថ្វាយនូវព្រះរាជកតញ្ញូ កតវេទិតាដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គតែងតែបានដង្ហែព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្តមនៃព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ក្នុងពុទ្ធចក្រ និងអាណាចក្រ កសាងនូវព្រះរាជសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ច្រើនសន្ធឹកសន្ធាប់ ទុកជាមរតកដ៏មានតម្លៃឥតគណនាចំពោះជាតិ មាតុភូមិ។ ជាក់ស្តែង ព្រះរាជវីរគំរូមនុស្សធម៌នៃសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងប្រោសព្រះរាជជនូបត្ថម្ភក គាំទ្រកាកបាទក្រហមកម្ពុជាគ្រប់កាលៈទេសៈ ផ្ដល់នូវកម្លាំងចិត្តដ៏ធំធេងដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសហការីយាងដង្ហែតាម ដើម្បីឧត្តមប្រយោជន៍ប្រជារាស្ត្រ ជាតិ សាសនា ព្រះមហាក្សត្រ។

សូមជម្រាបជូនថា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំចង្ហាន់ទេយ្យទាន និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃ ៩អង្គ ក្នុង១អង្គ ប្រគេនសាដក ១, ភេសជ្ជៈ ១កន្ត្រក, ផ្លែឈើ ១កន្ត្រក, ចង្ហាន់ ១ស្រាក់ ព្រមទាំងទេយ្យវត្ថុមួយចំនួនទៀត។ ចំពោះបច្ច័យប្រគេនព្រះមេគណខេត្តទាំងពីរគណៈ ក្នុង១អង្គ បច្ច័យចំនួន ១ ០០០ ០០០រៀល និងព្រះមន្ត្រីសង្ឃ ៧អង្គទៀត ក្នុង១អង្គបច្ច័យ ចំនួន ៥០០ ០០០រៀល៕