អភិបាលខេត្តរតនគិរី ទទួលជួបពិភាក្សាការងារជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា


នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានទទួលជួបពិភាក្សាការងារជាមួយគណៈកម្មការទី៩ នៃរដ្ឋសភាដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ សាធារណការ ដឹកជញ្ជូនទូរគមនាគមន៍ ប្រៃសណីយ៍​ ឧស្សាហកម្ម រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងឱកាសដែលគណៈកម្មការទី៩ អញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តរតនគិរី ដើម្បីស្វែងយល់ពី សមិទ្ធិផលនានារបស់ខេត្តដែលសម្រេចបាន និងទិសដៅអនុវត្តបន្ត ដែលពាក់ព័ន្ធ និងសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការ។

ជំនួបពិភាក្សាការងារនេះបានធ្វើឡើងនៅសាលប្រជុំអគារ (B )សាលាខេត្តរតនគិរី ដោយមានចូលរួមពី ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី, អភិបាលរងខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធនឹងគណ:កម្មការទី៩ នេះផងដែរ។

លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានជម្រាបជូនកិច្ចប្រជុំថា ការចុះបំពេញបេសកកម្មនៅមូលដ្ឋានខេត្តរតនគិរី នាពេលនេះ គឺដើម្បីជួបពិភាក្សាការងារជាមួយថ្នាក់ ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញដែល ពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់គណៈកម្មការទី៩ ក្នុងគោលបំណងឈ្វេងយល់ពីកិច្ចការមួយចំនួន និង លទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្តដែល សម្រេចបាន ជាពិសេសប្រសិទ្ធភាពនៃការប្រតិបត្តិ ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តនានាដែល ពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់មន្ទីរ ជំនាញនីមួយៗ ព្រមទាំងការលំបាក និងបញ្ហា ប្រឈមក្នុងការអនុវត្តច្បាប់។

លោកជំទាវប្រធានគណៈកម្មការ បានបញ្ជាក់ បន្ថែមថា កិច្ចប្រជុំនេះមិនមែនជាការចុះមកត្រួត ពិនិត្យ ឬអធិការកិច្ច ដើម្បីសួរដេញដោលថ្នាក់ ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូល ព័ត៌មាន និងបញ្ហាប្រឈមនានាក្នុងការប្រតិបត្តិ ច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ន នីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ជាការឆ្លើយតប ឯកឧត្តមញ៉ែម សំអឿន បានជម្រាបជូន គណៈកម្មការទី៩ នៃ រដ្ឋសភា អំពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុង ខេត្ត ពិសេសគឺបានជម្រាបជូនពី ការងារដែល ទាក់ទងនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជា សាធារណការ ដឹកជញ្ជូន អាកាសចរណ៍ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ព្រមទាំង សភាពាណិជ្ជកម្មផងដែរ។

នៅក្នុងឱកាសនេះ លោកជំទាវប្រធាន ក៏បានធ្វើ ការកោតសរសើរពីការខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្តលើការងារអភិវឌ្ឍន៍ខេត្ត ដែលមានការ រីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានោះដែរ លោកជំទាវប្រធាន ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត ក៏ ដូចជាមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំធ្វើ ការផ្សព្វផ្សាយអប់រំលើវិស័យរបស់ខ្លួនជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយបន្ថែមទៀត។ លោកជំទាវប្រធាន ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានសហការ សាមគ្គី រួមគ្នា បានយ៉ាងល្អ ខិតខំយកអស់កម្លាំងកាយចិត្ត បំពេញការងារ និងតួនាទីប្រកបដោយការទទួល ខុសត្រូវខ្ពស់ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្តរតនគិរី៕