ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើក្រុមហ៊ុន Emons Furniture របស់កូរ៉េ ពិនិត្យលទ្ធភាពសិក្សាស្វែងយល់​ពីឱកាសវិនិយោគនៅកម្ពុជា


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងនៅក្នុងតំបន់) បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបពិភាក្សាការងារជាមួយ គណៈគ្រប់គ្រងក្រុមហ៊ុន Emons Furniture Co., Ltd. ដឹកនាំដោយលោក Kyung-soo Kim ប្រធានក្រុមហ៊ុន ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីស្នាក់ការកណ្តាល និងមជ្ឈមណ្ឌលតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងឧស្សាហកម្ម អ៉ីនឆ័ន នៃសាធារណរដ្ឋកូរ៉េ។

បេសកកម្មចុះដល់ទីតាំងផ្ទាល់នាឱកាសនេះ ត្រូវបានអមដំណើរដោយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ, លោក Park Joo-bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឆ័ន, ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជារួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

នៅក្នុងឱកាសជំនួបពិភាក្សាការងារនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន នៅក្នុងវិស័យឧស្សាហកម្មសង្ហារិម។ ឆ្លៀតក្នុងឱកាសនេះឯកឧត្តមបានធ្វើការអញ្ជើញគណៈគ្រប់គ្រងក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ដោយបានគូសបញ្ជាក់ពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាកម្លាំងពលកម្មវ័យក្មេងមានសក្តានុពល, ស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, ទីតាំងភូមិសាស្រ្តអំណោយផល ជាមួយយុទ្ធសាស្រ្តនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡា ព្រមទាំងទីផ្សារនាំចេញដ៏ទូលំទូលាយតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។

បន្ទាប់ពីកិច្ចពិភាក្សាការងារ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនបានអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ចូលទស្សនាមជ្ឈមណ្ឌលតាំងបង្ហាញផលិតផលដ៏ទំនើបចុងក្រោយរបស់ក្រុមហ៊ុន។ ការចុះទស្សនកិច្ចស្វែងយល់​ដល់ទីតាំងផ្ទាល់នាពេលនេះ គឺជាជំហានការទូតសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការបង្ហាញឱ្យវិនិយោគិនកូរ៉េឃើញពីភាពប្រាកដប្រជា និងការយកចិត្តទុកដាក់កម្រិតខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញឧស្សាហកម្មទំនើបៗ។

សូមជម្រាបដែរថាក្រុមហ៊ុន Emons Furniture Co., Ltd. គឺជាក្រុមហ៊ុនផលិត និងចែកចាយគ្រឿងសង្ហារឹមដ៏ល្បីល្បាញ និងមានវ័យចំណាស់ឈានមុខគេមួយរបស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៩ ដោយផ្តោតសំខាន់លើការរចនាគ្រឿងសង្ហារិមដែលមានគុណភាពខ្ពស់ បែបទំនើប និងមានផាសុកភាពសម្រាប់គេហដ្ឋាន។ Emons គឺជាក្រុមហ៊ុនដំបូងៗគេ ដែលបានបញ្ចូលបច្ចេកវិទ្យាទៅក្នុងគ្រឿងសង្ហារិម (ICT Furniture) ដូចជា គ្រែឆ្លាតវៃដែលអាចលៃតម្រូវកម្ពស់តាមដំណេក ឧបករណ៍វិភាគសុខភាពពេលគេង និងទូខោអាវដែលមានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាព និងកម្ចាត់បាក់តេរី៕