ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចុះធ្វើទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យ Incheon Baek ដែលជាគ្រឹះស្ថានសុខាភិបាលដ៏ល្បីមួយនៅសាធារណរដ្ឋកូរ៉េ ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីសំណាក់លោកវេជ្ជបណ្ឌិត Seungho Baek ប្រធានមន្ទីរពេទ្យ ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកពាក់ព័ន្ធ។
ទស្សនកិច្ចនៅទីតាំងមន្ទីរពេទ្យ Incheon Baek ផ្ទាល់នាឱកាសនេះ ត្រូវបានអមដំណើរដោយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ, លោក Park Joo-bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៉ីនឆ័ន (Incheon CCI) រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, តំណាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM), ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជារួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
គោលបំណងចម្បងនៃទស្សនកិច្ចនេះ គឺដើម្បីសិក្សាឈ្វេងយល់ឱ្យបានស៊ីជម្រៅអំពីវឌ្ឍនភាពបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យបែបឌីជីថល (Digital Healthcare) និងស្តង់ដារនៃការថែទាំសុខភាពកម្រិតខ្ពស់របស់សាធារណរដ្ឋកូរ៉េ ដែលជាប្រទេសឈានមុខគេមួយលើសកលលោក ក្នុងវិស័យសុខាភិបាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យសុខាភិបាល និងការបង្កើតមន្ទីរពេទ្យស្តង់ដារអន្តរជាតិ គឺជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើទ្បើងដល់គណៈគ្រប់គ្រងមន្ទីរពេទ្យ ពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយបច្ចេកទេស ព្រមទាំងការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ តាមរយៈកម្មវិធីបណ្តុះបណ្តាលក្នុងទម្រង់ណាមួយ និងការផ្លាស់ប្តូរបទពិសោធន៍រវាងគ្រូពេទ្យជំនាញនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការលើកកម្ពស់សមត្ថភាពវិស័យសុខាភិបាលនៅកម្ពុជា។
ទស្សនកិច្ចនាឱកាសនេះ មិនត្រឹមតែបង្ហាញពីភាពប្រាកដប្រជា និងការយកចិត្តទុកដាក់កម្រិតខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញឧស្សាហកម្មទំនើប និងសេវាកម្មលំដាប់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងដ៏សំខាន់ ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសុខាភិបាលឈានមុខរបស់កូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដើម្បីបម្រើដល់ផលប្រយោជន៍រវាងគ្នា និងលើកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើងជាលំដាប់។
សូមជម្រាបដែរថា Incheon Baek គឺជាមន្ទីរពេទ្យទូទៅមួយ ដែលគ្រប់គ្រង និងដំណើរការក្រោមមូលនិធិវេជ្ជសាស្ត្រ Seongsu ហើយត្រូវបានទទួលស្គាល់ថាជាគ្រឹះស្ថានសុខាភិបាលបង្គោលមួយប្រចាំតំបន់ ដែលផ្តល់សេវាថែទាំវេជ្ជសាស្ត្រជូនដល់ប្រជាពលរដ្ឋនៅភាគខាងលិចនៃទីក្រុងអ៊ីនឆ័ន។ មន្ទីរពេទ្យនេះត្រូវបានទទួលស្គាល់ជាផ្លូវការដោយ ក្រសួងសុខាភិបាលនិងសុខុមាលភាព នៃសាធារណរដ្ឋកូរ៉េ ទៅលើសុវត្ថិភាពអ្នកជំងឺ និងការលើកកម្ពស់គុណភាពនៃសេវាកម្មវេជ្ជសាស្ត្រ៕
















