ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីផ្លូវថ្នល់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួម ចំនួន៥៧រូប។
មុននឹងចាប់ផ្តើមដំណើរការអង្គប្រជុំ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានស្នើដល់សមាជិក សមាជិកាព្រឹទ្ធសភា និងអ្នកចូលរួមក្នុងអង្គប្រជុំក្រោកឈរស្មឹងស្មាធិ៍ ដើម្បីគោរព វិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយ គឺពិនិត្យហើយឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងសំណូមពររបស់វិស័យឯកជន ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាព នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ ការធ្វើវិសោធនកម្មច្បាប់នេះ គឺជាជំហានវិជ្ជមានថ្មីមួយដ៏មានសារៈសំខាន់ ក្នុងការលើក កម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងអភិវឌ្ឍ និងអភិរក្សហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ធានាចីរភាពនិង គុណភាពផ្លូវថ្នល់ តាមរយៈការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ និងការកែសម្រួលការពិន័យអន្តរការណ៍ឱ្យបានច្បាស់លាស់។
បន្ថែមពីលើនេះ សេចក្តីព្រាងច្បាប់នេះ នឹងជួយសម្រួលដល់ការកាត់បន្ថយចំណាយ ប្រតិបត្តិការដឹកជញ្ជូន និងឡូជីស្លឹករបស់វិស័យឯកជន សំដៅលើកកម្ពស់សមត្ថភាពប្រកួត ប្រជែងជាតិ និងតំបន់ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ជាខែលការពារទ្រព្យសម្បត្តិជាតិ និង អាយុជីវិតរបស់ប្រជាពលរដ្ឋនៅលើដងផ្លូវ។ សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងមាន ២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមលើកដំបូងចំនួន ១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។
ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំ អំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នេះ និងមានសមាជិកព្រឹទ្ធសភាចំនួន៤រូប បានឡើងមានយោបល់ ព្រមទាំងមានការឆ្លើយបំភ្លឺពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ នេះដោយឥតកែប្រែចំនួន ៥៧សំឡេងនៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕















