(ភ្នំពេញ) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍សារជាថ្មីម្តងទៀតថា ប្រទេសកម្ពុជាគ្មានវិបត្តិនយោបាយនោះទេ គឺប្រជាពលរដ្ឋធ្វើដំណើរកម្សាន្ត ប្រកបកិច្ចការងារជាធម្មតា ព្រោះពេលនេះកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយពេញលេញ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ប្រទេសកម្ពុជាកំពុងតែអនុវត្តន៍គោលនយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សយ៉ាងពិត្យប្រាកដ»។ ការថ្លែងបែបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្តេចតេជោអញ្ជើញជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ-កម្មការនី ប្រមាណជាង១៣ម៉ឺននាក់ មកពីរោងចក្រចំនួន២៥ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មបឹងបៃតង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។