លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើក «ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦»


ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ វិស័យឯកជន គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅនេះ ក្នុងគោលបំណងផ្តល់ឱកាស និងមូលដ្ឋានក្នុងការគិតគូរជ្រើសរើសជំនាញសិក្សា និងការងារសម្រាប់យុវជនជំនាន់ក្រោយ។ លោកជំទាវបណ្ឌិត ក៏បានអរគុណដល់សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) ក្នុងឱកាសខួប ៣០ឆ្នាំរបស់សមាគមដែលបានបង្កើតឡើងនៅកម្ពុជា ដោយសមាគមបានប្រែខ្លួនក្លាយជាស្ពានសម្រាប់ផ្តល់ឱកាស និងបានផ្តល់គំរូដ៏ល្អជាច្រើនដល់យុុវជនជំនាន់ក្រោយ។
បន្ថែមពីនេះ លោកជំទាវបណ្ឌិត បានគូសរំលេចបន្ថែមថា ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលដែលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិដោយការសួរខ្លួនឯងថា ខ្ញុំចង់រៀនអ្វី? តើខ្ញុំត្រូវធ្វើអ្វីទៅ ទើបខ្លួនឯងបានលទ្ធផលល្អ? តើសង្គមត្រូវការអ្វី? ហើយតើខ្ញុំអាចរួមចំណែកធ្វើអី្វខ្លះដើម្បីជួយដល់គ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ខ្ញុំ?
មុននឹងបញ្ចប់ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ចំនួន៥ ដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយរួមមាន៖
១. ការជ្រើសរើសជំនាញសិក្សាដោយការយល់ដឹងរបស់ខ្លួនឯង មិនមែនតាមគេតាមឯង
២. ការដែលមិនមើលរំលងនូវតម្លៃរបស់មុខជំនាញណាមួយ
៣. ការរៀនឱ្យចេះ និងបន្តរៀនសូត្រជាប់ជាប្រចាំ
៤. ការរក្សាសីលធម៌ សុជីវធម៌ គុណធម៌នៅក្នុងខ្លួនជានិច្ច
៥. ការរក្សាស្មារតីដឹងគុណ និងការតបស្នង ពោលគឺជា កតញ្ញូជន ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦