ស្ថានទូតអាមេរិក បន្តផ្តល់ថវិកា២លានដុល្លារ សម្រាប់សកម្មភាពដោះមីន នៅកម្ពុជា


ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ សូមប្រកាសទទួលការដាក់ពាក្យសុំថវិកាចំនួន ២លានដុល្លា ជាអំណោយថវិការយៈពេលមួយឆ្នាំ សំរាប់ការសិក្សាអង្កេត និងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើត នៃ ប្រទេសកម្ពុជា សំរាប់ឆ្នាំសារពើពន្ធ ២០១៨ -២០១៩ ជាមួយនឹងលទ្ធភាពបន្តផ្តល់ថវិកានេះ សំរាប់ឆ្នាំទី ២ទៀត ។ ដៃគូដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវប្រើបច្ចេកវិជ្ជាទំនើបបំផុត សំរាប់ដោះ យុទ្ធភណ្ឌមិនទាន់ ផ្ទុះនៅភាគខាងកើត នៃប្រទេសកម្ពុជា ដើម្បីធ្វើអោយផ្ទៃដីមានសុវត្ថិភាព សំរាប់ការធ្វើស្រែ ចំការ ធ្វើផ្លូវ ធ្វើពាណិជ្ជកម្ម និងសង់ផ្ទះជាដើម។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានដកស្រង់ប្រសាសន៍
លោកឯកអគ្គរដ្ឋទូតអាមេរិក Heidt បញ្ជាក់ថា “សហរដ្ឋអាមេរិកបានជួយដល់ការដោះមីន មនុស្សធម៌ នៅកម្ពុជា អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយមានការប្តេជ្ញាចិត្តក្នុងការដោះស្រាយកេរ្តិ៍ ដំណែល នៃសម័យសង្គ្រាម។ ការផ្តល់ថវិកា ថ្មីនេះគឺជាការបន្ត នៃការប្តេជ្ញាចិត្ត ពីព្រោះវានឹងជួយ ក្នុងការ បោស សំអាតកាកសំណល់នៃសង្គ្រាម។ យើងកំពុងរកមើលក្រុមអ្នកឯកទេសខ្មែរ និងក្រុមអ្នកឯកទេសអន្តរជាតិ ដើម្បី អោយមកជួយដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើត នៃប្រទេសកម្ពុជា”។

កាលបរិច្ឆេតនៃការទទួលពាក្យសុំគឺថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៨។ ចំពោះព័ត៌មានបន្ថែមស្តីពីការ ការផ្តល់ថវិកា នេះ សូមចូលមើលគេហទំព័រនេះ https://www.grants.gov/web/grants/view-opportunity.html?oppId=298764 ។

សហរដ្ឋអាមេរិកបានចំណាយថវិកាចំនួនជាង ១៣១ លានដុល្លាមកហើយ នៅក្នុងរយៈពេល ២ ទសវត្សកន្លងទៅ នេះ ដើម្បីរកមើលនិងដោះចេញ មិនត្រឹមតែយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់អាមេរិក នៅភាគខាង កើតនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ប្រទេសចិន វៀតណាម និងអតីត សហភាពសូវៀតផងដែរ នៅតាមតំបន់ដទៃទៀត នៃប្រទេសកម្ពុជា ដែលបណ្តាលអោយមានការស្លាប់និងរបួស ចំនួន ប្រហែល ៩០% នៃការស្លាប់និងរបួសដែលបណ្តាលមកពីកាកសំណល់នៃសង្គ្រាម៕