រដ្ឋមន្ដ្រី ហួត ហាក់៖ «ការជំរុញទេសចរណ៍ក្នុងស្រុក ត្រូវបានចាត់ទុកជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា»


ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍លទ្ធផលនៃការវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ រាជធានី ខេត្ត និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គោលការណ៍ណែនាំស្តីពី «ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម» ដែលជាឯកសារគោលដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងប្រសិទ្ធភាពនៃការរៀបចំផែនការ ការតាមដាន ការត្រួតពិនិត្យ ការវាយតម្លៃ និងការបូកសរុបសមិទ្ធផល នៃការអនុវត្តការងារកន្លងមក ព្រមទាំងជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរៀបចំទិសដៅយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់ដំណាក់កាលបន្ត ប្រកបដោយប្រសិទ្ធភាព សង្គតិភាព និងចីរភាព។

សិក្ខាសាលាដ៏មានសារៈសំខាន់នាព្រឹកនេះ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ និងលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍, អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត, ឧកញ៉ា លោក លោកស្រី តំណាងផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ ព្រមទាំងលោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ទាំង២៥ សរុបប្រមាណ ៣០០នាក់។

រដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់ថា សមិទ្ធផលដ៏មានសារៈសំខាន់នៅថ្ងៃនេះ គឺជាផ្លែផ្កាដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់ក្រោមជាតិ, ដែលតាមរយៈសិក្ខាសាលានៅថ្ងៃនេះ, លោក បានធ្វើការកត់សម្គាល់ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំប្រកបដោយឆន្ទៈមោះមុត របស់អភិបាលរាជធានី ខេត្ត, ជាពិសេស លោក លោកស្រីអភិបាលរងរាជធានី ខេត្ត ទទួលបន្ទុកវិស័យ ទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ក្នុងនាមជាសេនាធិការ បានរួមសហការគ្នាបំពេញការងារ ប្រកបដោយភាពបុរេសកម្ម, សកម្ម, និង អន្តរសកម្ម សំដៅធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ក្នុងឱកាសនោះ រដ្ឋមន្រ្តី ហួត ហាក់ បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ដល់រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការអនុវត្តគោលការណ៍ណែនាំ ស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, ពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខ្លួនឱ្យបានទូលំទូលាយ, កំណត់ម៉ាកសញ្ញា (Branding) របស់រាជធានី ខេត្ត, បង្កើតការនិទានរឿង (Storytelling) អំពីគោលដៅទេសចរណ៍, និងកំណត់ម្ហូបអាហារអត្តសញ្ញាណប្រចាំខេត្ត និង តំបន់(Signature Dish)។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានប្រកាសរៀបចំចលនាប្រឡងប្រណាំង «មន្ទីរទេសចរណ៍ឆ្នើម» ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍អាណត្តិ ឆ្នាំ២០២៦-២០៣០ ផងដែរ។ លោកក៏បាន អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងចូលរួមអនុវត្តគោលការណ៍ណែនាំនេះប្រកបដោយប្រសិទ្ធភាព ដើម្បីប្រែក្លាយទៅជាសកម្មភាព និងលទ្ធផលជាក់ស្តែង សំដៅអភិវឌ្ឍគោលដៅទេសចរណ៍នៅទូទាំងប្រទេសឱ្យកាន់តែមានគុណភាព មានភាពប្រកួតប្រជែង បរិយាបន្ន និងចីរភាព៕