រដ្ឋមន្រ្តីសុខាភិបាល៖ អាហារូបត្ថម្ភដើរតួនាទីដ៏សំខាន់ ក្នុងការព្យាបាលអ្នកជំងឺ ដូច្នេះត្រូវខិតខំគូរគិតបន្ថែម និងកែទម្រង់ថ្មី ដើម្បីលើកកម្ពស់គុណភាពឱ្យបានត្រឹមត្រូវ


ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរំលេចថា អាហារូបត្ថម្ភមានសារៈសំខាន់ ហើយការកង្វះអាហាររូបត្ថម្ភរាប់បញ្ចូលទាំង លើស និងខ្វះ របបអាហារមិនត្រឹមត្រូវ និងខុសកាលវេលា ដែលរាប់បញ្ចូលថាជាកង្វះអាហារូបត្ថម្ភ។ ដូចនេះ ការលើកកម្ពស់អាហារូបត្ថម្ភអ្នកជំងឺ ក្នុងស្តង់ដាមន្ទីរពេទ្យ គឺជាការធានាឱ្យអ្នកជំងឺគ្រប់រូបទទួលបានអាហាររូបត្ថម្ភ ដែលជាផ្នែកមួយនាំឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងជាជំហានដ៏សំខាន់នាំឱ្យមានកាត់បន្ថយបញ្ហាសុខភាពប្រជាពលរដ្ឋ។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ត្រាចារ្យ ក្នុងឳកាសបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍគោលការណ៍ណែនាំស្តង់ដាសម្រាប់អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងបន្តថា ដូចនេះ «អាហារូបត្ថម្ភ គឺជាកិច្ចការមួយដែលផ្តោតសំខាន់ពីស្នូលអ្នកជំងឺ ដែលត្រូវមានសិទ្ធទទួលបានអាហារមួយដែលត្រឹមត្រូវ។ អាហារូបត្ថម្ភ គឺជាខិតខំ គូរគិតបន្ថែមនិងជាថ្មី កែទម្រង់ថ្មី ដើម្បីលើកកម្ពស់គុណភាពឱ្យបានត្រឹមត្រូវ។ អាហារូបត្ថម្ភត្រឹមត្រូវ គឺជាការផ្តល់នូវកម្លាំង ផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺ និងក្តីសង្ឃឹមដល់មន្រ្តីសុខាភិបាលផង ដើម្បីសង្គមដែលមានសុខភាពល្អ។»

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា ការផ្តល់អាហាររូបត្ថម្ភ គឺជាការព្យាបាល ដែលនាំឱ្យមានការកាត់បន្ថយការសម្រាកពេទ្យ និងជួយសង្រ្គោះ ហើយអាហាររូបត្ថម្ភ ដើរតួនាទីសំខាន់ នៃការព្យាបាល ។លោកបានគាំទ្រក្នុងការរៀបចំឱ្យមាននិយមជាតិមួយ ដើម្បីទទួលបានអាហាររូបត្ថម្ភ ហើយកាត់បន្ថយការចំណយលើការព្យាបាល ធ្វើឱ្យបង្កើនប្រសិទ្ធភាពនៃការព្យាបាល ។លើសពីនោះអាហារូបត្ថម្ភ ត្រូវឱ្យមានចូលរួមគ្រប់ជំនាញ និងអ្នកពាក់ព័ន្ធ ទើបទទួលបានអាហារមួយត្រឹមត្រូវ និងមានគុណភាព ហើយអាហារូបត្ថម្ភ ត្រូវចាប់ផ្តើមពីចូលរហូតដល់ចេញពីមន្ទីរពេទ្យ។

នាឳកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះ ដល់ក្រុមការងាររៀបចំផែនទីបង្ហាញផ្លូវនេះ ជាទុនសម្រាប់ធ្វើការពិភាក្សា ដូចខាងក្រោម៖

១៖ ការដាក់ឱ្យប្រើប្រាស់នីតិវិធីស្ដង់ដា (SOP) សម្រាប់ការពិនិត្យ និងវាយតម្លៃអាហារូបត្ថម្ភ ដោយកំណត់ឱ្យមានការពិនិត្យហានិភ័យនៃកង្វះអាហារូបត្ថម្ភ លើអ្នកជំងឺទាំងអស់ភ្លាមៗនៅពេលចូលសម្រាកពេទ្យ ដោយប្រើឧបករណ៍ពិនិត្យដែលទទួលស្គាល់ជាអន្តរជាតិ។

២៖ ការពង្រឹងក្រុមការងារពហុជំនាញ ដោយបង្កើតក្រុមការងារដែលរួមមាន៖ គ្រូពេទ្យជំនាញ គិលានុបដ្ឋាក ឯកទេសអាហារូបត្ថម្ភ និងអ្នកបច្ចេកទេសចំណីអាហារ ក្នុងការវាយតម្លៃ និងរៀបចំផ្តល់អាហារតាមតម្រូវការជាក់ស្តែងរបស់អ្នកជំងឺ។

៣៖ ការធ្វើទំនើបកម្មសេវាផ្ដល់អាហារក្នុងមន្ទីរពេទ្យ ដោយត្រូវកែលម្អគុណភាព និងអនាម័យនៃសេវាអាហារ ដោយធានាថាអាហារដែលផ្តល់ជូនមានតម្លៃ ថាមពល និងសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមស្ថានភាពជំងឺ។

៤៖ ការអប់រំ និងការពង្រឹងសមត្ថភាពបុគ្គលិក ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពី អាហារូបត្ថម្ភព្យាបាល សម្រាប់គ្រូពេទ្យ និងគិលានុបដ្ឋាក ដើម្បីឱ្យមានការយល់ដឹងស៊ីជម្រៅអំពីផលវិបាកនៃកង្វះអាហារូបត្ថម្ភ និងវិធីសាស្ត្រដោះស្រាយ។

៥៖ ការប្រើប្រាស់បច្ចេកវិទ្យា និងការគ្រប់គ្រងទិន្នន័យ ត្រូវដាក់បញ្ចូលការវាយតម្លៃអាហារូបត្ថម្ភទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យាមន្ទីរពេទ្យ (HIS) ដើម្បីឱ្យគ្រូពេទ្យអាចតាមដានទិន្នន័យអ្នកជំងឺបានគ្រប់ពេលវេលា។

សូមជម្រាបថានេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំសុខភាពនៅកម្ពុជា។ អាហារូបត្ថម្ភនៅក្នុងមន្ទីរពេទ្យ ត្រូវបានបន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយការវិវត្តទៅជាផលវិបាកផ្សេងៗ ដូចជាការឆ្លងមេរោគក្នុងមន្ទីរពេទ្យ រយៈពេលសម្រាកព្យាបាលយូរ អត្រាចូលសម្រាកព្យាបាលសារជាថ្មី និងការបង្កើនបន្ទុកចំណាយលើការព្យាបាលទាំងអ្នកជំងឺ និងប្រព័ន្ធសុខាភិបាលទាំងមូល។ ដូចនេះ អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ គឺជាជំហានដ៏ចាំបាច់មួយ ដែលធានាបានការកាត់បន្ថយ ការសម្រាកព្យាបាលយូរ អត្រាចូលសម្រាកព្យាបាលសារជាថ្មី និងការបង្កើនបន្ទុកចំណាយលើការព្យាបាលទាំងអ្នកជំងឺ និងប្រព័ន្ធសុខាភិបាលទាំងមូល ដើម្បីធ្វើស្តង់ដាសម្រាប់ថែទាំអាហារូបត្ថម្ភដល់អ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព៕