លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំ លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ»


លោកជំទាវបណ្ឌិ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព បើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំ លើកទី២ ឆ្នាំ២០២៦ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោមប្រធានបទ «ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ»

លោកជំទាវបណ្ឌិត បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដោយក្តីមោទកៈជូនចំពោះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងឱកាសពិធីបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំ លើកទី២ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការលើកកម្ពស់ការអនុវត្តបច្ចេកទេសទន្តសាស្ត្រឈានមុខ»

លោកជំទាវបណ្ឌិតបានថ្លែងបន្ដថា «សន្និសីទនេះ គឺជាឱកាសដ៏សំខាន់មួយសម្រាប់យើងរួមគ្នាពិគ្រោះ ពិភាក្សា ចែករំលែកបទពិសោធន៍ ចំណេះដឹងឱ្យគ្នាទៅវិញទៅមក ក្នុងគោលបំណងលើកកម្ពស់ការព្យាបាលសុខភាពមាត់ធ្មេញ រួមទាំងសេវាសុខាភិបាលកម្ពុជាឱ្យបានល្អប្រសើរឡើង ។នាងខ្ញុំសូមជំរុញ និងលើកទឹកចិត្តឱ្យមានការប្រើប្រាស់បញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ ទាំងជំងឺមាត់ធ្មេញ ទាំងជំងឺប្រចាំកាយផ្សេងៗ ប៉ុន្តែត្រូវប្រកបដោយមនសិការ វិជ្ជាជីវៈ សីលធម៌ និងការយកចិត្តទុកដាក់ដោយក្តីមេត្តាករុណាដែលក្រុមគ្រូពេទ្យត្រូវមានជូនចំពោះអ្នកជំងឺ» ។

នាឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានចែករំលែកនូវអនុសាសន៍មួយចំនួន៖
១៖ សូមចាត់ទុកសន្និសីទនេះជាវេទិកាសម្រាប់ការសិក្សារៀនសូត្រពិតប្រាកដ
២៖ សូមបន្តចែករំលែកចំណេះដឹងទៅកាន់មិត្តរួមវិជ្ជាជីវៈ រួមទាំងអ្នកជំនាន់ក្រោយ
៣៖ សូមអភិវឌ្ឍជំនាញឱ្យស្របទៅនឹងបច្ចេកវិទ្យា ប៉ុន្តែសូមកុំឱ្យបាត់បង់សុជីវធម៌ ឬ ក្រមវិជ្ជាជីវៈ
៤៖ សូមតម្កល់អ្នកជំងឺគឺជាចំណុចកណ្តាលនៃវិជ្ជាជីវៈ ដោយត្រូវគោរព ពន្យល់ឱ្យបានច្បាស់លាស់ និងត្រូវទទួលខុសត្រូវខ្ពស់
៥៖ សូមបន្តថែរក្សាស្មារតីស្ម័គ្រចិត្ត និងឆន្ទៈមនុស្សធម៌របស់សមាគម TYDA ៕