នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។
គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ហើយគ្រោងបញ្ចប់ការងារក្នុងខែតុលា ឆ្នាំ២០២៧ខាងមុខ។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ទី១. សាងសង់ទំនប់សរុបប្រវែង ២ ៦៨០ម៉ែត្រ ក្នុងនោះទំនប់ដីខាងឆ្វេងប្រវែង ១ ១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១ ១៨៨ម៉ែត្រ និងទី២. សាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង ១៦,៦គីឡូម៉ែត្រ និងទទឹង ៧ម៉ែត្រ ក្នុងនោះសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងឆ្វេងប្រវែង ៣,១គីឡូម៉ែត្រ ពង្រីកផ្លូវចូលទំនប់ប្រវែង ១០,៥គីឡូម៉ែត្រ និងសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងស្តាំប្រវែង ៣គីឡូម៉ែត្រ។
សូមជម្រាបថាគិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៩៣%ហើយ។ ក្រោយការសាងសង់រួចគម្រោងនេះមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ នៅផ្នែកខាងក្រោមបានប្រមាណ ១៣១ ៣២៣ហិកតា និងបង្កើនទិន្នផលស្រូវពី ៤តោន ទៅ ៥,៤តោនក្នុងមួយហិកតា ដល់ប្រជាកសិករចំនួន ២៥ ០០០គ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរនៃខេត្តកំពង់ធំ៕




























