ក្រសួងផែនការ បានបើកវគ្គបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី «គោលនយោបាយជាតិប្រជាជន និងប្រជាសាស្ត្រ» ក្រោមប្រធានបទដ៏មានសារៈសំខាន់ «ពង្រឹងការវិនិយោគលើយុវជន និងភាពធន់ប្រជាសាស្ត្រ»។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីមន្ទីរផែនការនៃរាជធានី-ខេត្តចំនួន ៩ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព ក្នុងបរិបទយុគសម័យឌីជីថល។
វគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃនេះ (ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦) ប្រារព្ធឡើងនៅសាលប្រជុំសណ្ឋាគារចន្ទមន្នីចន្ទ ក្នុងក្រុងពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តមលេង ផាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ប្រតិភូក្រសួង និងសិក្ខាកាមជាមន្ត្រីមន្ទីរផែនការចំនួន ៥០រូប មកពីខេត្តបាត់ដំបង តាកែវ កំពត កោះកុង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង រាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់។
ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោក ពៅ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តស្តីទី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រសួង និងសិក្ខាកាមមកពីបណ្តារាជធានី-ខេត្តនានា។ លោកបានមានប្រសាសន៍ថា៖ «ការរៀបចំវគ្គបណ្តុះបណ្តាលនៅខេត្តពោធិ៍សាត់នាពេលនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់មន្ត្រីជំនាញរបស់យើង។ គោលនយោបាយប្រជាជន និងប្រជាសាស្ត្រ គឺជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍។ សម្រាប់ខេត្តពោធិ៍សាត់ផ្ទាល់ ការយល់ដឹងកាន់តែច្បាស់អំពីភាពធន់ប្រជាសាស្ត្រ និងការវិនិយោគលើយុវជន នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការរៀបចំផែនការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងយុគសម័យថ្មី»។
ក្នុងពិធីបើក ឯកឧត្តម លេង ផាលី បានគូសបញ្ជាក់ថា គោលនយោបាយជាតិប្រជាជននាពេលបច្ចុប្បន្ន បានវិវត្តពីការគ្រប់គ្រងចំនួនប្រជាជន មកជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្អែកលើសិទ្ធិមនុស្ស និងភាពធន់។ ដើម្បីអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព មន្ត្រីជំនាញត្រូវយល់ដឹងពីវិមាត្រសំខាន់ៗចំនួន ៣៖
១. វិមាត្របរិមាណ៖ ការគ្រប់គ្រងអត្រាកំណើត មរណភាព និងលំហូរចំណាកស្រុកឱ្យមានតុល្យភាព។
២. វិមាត្ររចនាសម្ព័ន្ធ៖ ការវិភាគរចនាសម្ព័ន្ធអាយុ ដើម្បីបែងចែកធនធានរវាងអន្តរជំនាន់ និងការវិនិយោគលើ «ភាគលាភប្រជាសាស្ត្រ»។
៣. វិមាត្រគុណភាព៖ ការអភិវឌ្ឍមូលធនមនុស្ស ដែលផ្តោតលើសុខភាព ចំណេះដឹង ជំនាញ និងសមត្ថភាពរបស់ប្រជាពលរដ្ឋម្នាក់ៗ។
ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា៖ «កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលនៃបង្អួចកាលានុវត្តភាពប្រជាសាស្ត្រ ដែលជាឱកាសមាសសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច។ ប្រសិនបើយើងមិនវិនិយោគឱ្យចំគោលដៅលើការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស (TVET) ទេនោះ យើងនឹងខកខានក្នុងការដណ្តើមយកផលលាភសេដ្ឋកិច្ច ហើយអាចប្រឈមនឹងបន្ទុកប្រជាជនចាស់ជរានាពេលអនាគត»។
ក្រសួងផែនការបានគូសបញ្ជាក់ថា មន្ត្រីនៅថ្នាក់ក្រោមជាតិ គឺជាតួអង្គប្រតិបត្តិដ៏សំខាន់បំផុតក្នុងការធ្វើ «មូលដ្ឋានីយកម្មគោលនយោបាយ»។ ហេតុនេះ ក្នុងយុគសម័យឌីជីថល សិក្ខាកាមទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ដែលឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងមូលដ្ឋានរៀងៗខ្លួន។
វគ្គបណ្តុះបណ្តាលនេះត្រូវបានរំពឹងទុកថា នឹងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដែលជាត្រីវិស័យសម្រាប់មន្ត្រីផែនការ ក្នុងការដឹកនាំរៀបចំ និងអនុវត្តផែនការថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងបរិយាប័ន្ន៕





















