នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ខ្លួនក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុកជាច្រើននាក់ផងដែរ ដើម្បីពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗមួយចំនួន។
របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន៖ ទី១. ការអានប្រកាសលេខ ២៧៣៣ ប្រក. ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន។ ទី២. ការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤។ ទី៣. ការពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិន។ ទី៤. ការពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តប៉ៃលិន។ ទី៥. ការពិនិត្យ និងអនុម័តសេចក្តីសម្រេចស្តីពី ការបែងចែកតួនាទីភារកិច្ច និងរបៀបរបបធ្វើការងារជូនគណៈអភិបាលខេត្តប៉ៃលិន និងទី៦. បញ្ហាផ្សេងៗ។ របៀបវារៈទាំងនេះ ត្រូវបានលើកយកមកពិភាក្សាយ៉ាងល្អិតល្អន់ ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងអភិវឌ្ឍខេត្ត។
ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ទាំងអស់ ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក ហើយមិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាពិសេស លោកជំទាវបានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ព្រមទាំងសហការគ្នាជួយសម្របសម្រួលរកការងារជូនពួកគាត់ផងដែរ។
លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៏បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារតាមតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសបានចូលរួមក្នុងការការពារបូរណភាពទឹកដី ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសបច្ចេកវិជ្ជា Online Scams ការបម្រើសេវាសាធារណៈនានាបានល្អប្រសើរ និងបានកសាងសមិទ្ធផលនានានៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឱ្យខេត្តប៉ៃលិនមានភាពរីកចម្រើនស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ជា ចាន់ឌិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបានបន្តថា ការអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើនជាបន្តបន្ទាប់គួរជាទីមោទន ដែលធ្វើឱ្យភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្តមានការស្ងើចសរសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន ជាពិសេសបានជួយសម្របសម្រួលដោះស្រាយបញ្ហាជូនប្រជាពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងបានស្វះស្វែងទំនាក់ទំនងជាមួយក្រុមហ៊ុនរកការងារជូនបងប្អូនពលករទាំងនោះផងដែរ។
នៅក្នុងឱកាសនោះផងដែរ ប្រធានក្រុមប្រឹក្សាក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ថ្នាក់ដឹកនាំខេត្តប៉ៃលិន ក្នុងការបន្តកសាង និងអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌ សម្រាប់ប្រជាពលរដ្ឋទាំងអស់៕











