កម្ពុជា​ ចូលរួម​ជាមួយ​ប្រទេស​ជាង​១៧០ ដើម្បី​កំណត់ទិសដៅ​អភិបាលកិច្ច បញ្ញាសិប្បនិម្មិត​សាកល


ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យ​ឌីជីថល និង​តំណាងមក​ពី ​១៧០ប្រទេស និង​​អង្គការ​អន្តរជាតិនានា​ ប្រមាណ​៤០០០នាក់ បាន​ជួបជុំគ្នា​ក្នុង «ពិធីសម្ពោធ​កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ច​បញ្ញាសិប្បនិម្មិត» នា​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៦។

តបតាមការ​អញ្ជើញរបស់លោក Antonio Gutierres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​បាន​អញ្ជើញ​ជា​តំណាងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុង​កិច្ចពិភាក្សា​ដ៏មានសារៈសំខាន់នេះ ដែល​ប្រព្រឹត្ត​ទៅក្រោមអធិបតីភាព ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ និង​តំណាង​ប្រទេស​អែលសាលវ៉ាដ័រ​និង​អេស្តូនីជា​សហប្រធាន។

បញ្ញាសិប្បនិម្មិត​មាន​សក្ដានុពល​ធំធេង​ក្នុង​ការ​ជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម តែក៏នាំមកនូវ​ហានិភ័យ​ជាច្រើនផងដែរ។ គណៈវិទ្យាសាស្ត្រ​​ឯករាជ្យ​អន្តរជាតិលើ​បញ្ញាសិប្បនិម្មិត ដែល​មាន​សមាជិក​ ​៤០រូប ជា​អ្នក​ជំនាញ​មកពីជុំវិញពិភពលោក បាន​រាយការណ៍​ជូនតំណាង​រដ្ឋសមាជិក ​នូវ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ខ្លួន​អំពី​បញ្ញាសិប្បនិម្មិត ដោយ​​បង្ហាញយ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិតកំពុង​អភិវឌ្ឍលឿន​ជាង​សមត្ថភាព​គ្រប់គ្រង​ ហើយ​សមត្ថភាព​នេះប្រមូលផ្ដុំ​ក្នុង​ប្រទេស​មួយចំនួនតូច ខណៈផលប៉ះពាល់​អាច​ជះឥទ្ធិពល​ដល់​គ្រប់​ប្រទេស​ជុំវិញពិភពលោក។

គណៈវិទ្យាសាស្ត្រ​អំពាវនាវ​ឱ្យ​បណ្ដា​រដ្ឋសមាជិក​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​នយោបាយឱ្យ​បាន​រួសរាន់ ដើម្បីធានា​ថា​បញ្ញាសិប្បនិម្មិត​បម្រើ​ប្រយោជន៍​របស់​មនុស្សជាតិ​។

ក្នុងនាមតំណាង​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែង​ដោយ​ផ្ដោត​លើ​ចំណុច​សំខាន់ៗ​ដូចខាងក្រោម៖

(១)៖ អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត​ ត្រូវផ្ដោតលើ​ការ​​គាំទ្រសក្ដានុពលវិជ្ជមាន​ ដើម្បីជំរុញ​​នវានុវត្តន៍ ពង្រីក​លទ្ធភាព​ប្រើប្រាស់ និងកសាងទំនុកចិត្ត។
(២)៖ ដើម្បី​កសាង​ទំនុកចិត្ត អភិបាលកិច្ច​ត្រូវ​ឆ្លើយតប​នឹង​ហានិភ័យ​ ឆ្លើយតបទាន់សភាពការណ៍ និង​សំឡឹង​មើលទៅមុខ ដោយត្រូវ​ទប់ស្កាត់មុនផលប៉ះពាល់មកដល់ ក្នុងករណីចាំបាច់។
(៣)៖ ស្របតាម​និន្នាការ​អាស៊ាន កម្ពុជា​នឹង​ធ្វើ​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត​ដោយឈរ​លើគោលការណ៍ និង​ចាត់ទុក​វិស័យឯកជន គ្រឹះស្ថាន​អប់រំស្រាវជ្រាវ សង្គមស៊ីវិល និង​ប្រជាពលរដ្ឋ​ជា​ដៃគូដ៏សំខាន់។
(៤)៖​សហគមន៍អន្តរជាតិ​ត្រូវសហការលើ​ការ​កសាងសមត្ថភាព​ជូន​និយ័តករ ចែករំលែកព័ត៌មាន អំពី​ការ​វិវឌ្ឍថ្មីៗ និងចែករំលែក​បទពិសោធ​និយ័តកម្ម​និង​ការ​តាមដាន​ឧប្បត្តិហេតុ​បញ្ញាសិប្បនិម្មិត។
(៥)៖ កម្ពុជា​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​សហការ​យ៉ាង​ពិតប្រាកដ​ជា​មួយ​បណ្ដា​រដ្ឋាភិបាល​ ដើម្បី​ធ្វើ​អភិបាលកិច្ច​បញ្ញាសិប្បនិម្មិត៕