ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៧ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីដាំដើមឈើ និងចែកកូនឈើសរុបចំនួន ១២ ០០០ដើម ដល់វត្តទាំង២៩ក្នុងឃុំទាំង៧ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីយកទៅដាំដុះបន្ត ក្នុងយុទ្ធនាការបង្កើនគម្របបៃតង ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះចៅអធិការវត្ត ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កឹម តួន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនអង្គ/នាក់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតជានិច្ចកាល សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត លោកតែងតែគិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសគ្រប់ពេលវេលា។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងព្រះពុទ្ធសាសនា និងធម្មជាតិថា ព្រះសម្មា សម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រសូត ត្រាស់ដឹង សម្តែងធម្មចក្រ និងយាងចូលបរិនិព្វាន សុទ្ធសឹងតែស្ថិតនៅក្រោមម្លប់ព្រៃឈើ។ ហេតុនេះ ការដាំដើមឈើនៅតាមទីវត្ដអារាម មិនត្រឹមតែជាការលើកកម្ពស់សោភ័ណភាពបៃតង ផ្តល់ម្លប់ ខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគោរពប្រតិបត្តិតាមពុទ្ធប្បវេណី និងការបង្កើតរមណីយដ្ឋានបែបពុទ្ធសាសនាដ៏ស្ងប់ស្ងាត់ សម្រាប់ពុទ្ធបរិស័ទមកគោរពប្រតិបត្តិធម៌ធ្វើសមាធិនិងកម្ចាត់បង់នូវកិលេសផងដែរ។
ការរៀបចំពិធីដាំ និងចែកកូនឈើនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យគ្រប់វត្តរាមយកព្រះទ័យ និងយកចិត្តទុកដាក់អនុវត្តបានខ្ជាប់ខ្ជួននូវ អភិក្រម ស៣ ដែលបានដាក់ចេញដោយក្រសួងធម្មការនិងសាសនាគឺ “វត្តស្អាត វត្តស្វាង វត្តស្ងប់” និងដើម្បីចូលរួមចំណែកបង្កើនគម្របបៃតង ឆ្លើយតបបានយ៉ាងសាកសមទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ២០៥០ ក្នុងការកសាងប្រទេសឱ្យមានសណ្តាប់ធ្នាប់ ស្អាត និងមានចីរភាព។ម្យ៉ាងទៀត ការពង្រីកការដាំដើមឈើនៅរដូវវស្សា គឺដើម្បីបង្កើតខែលការពារធម្មជាតិ ជួយស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់អាកាស និងពង្រឹងភាពធន់របស់កម្ពុជាប្រឆាំងនឹងការប្រែប្រួល ព្រមទាំងបាតុភូតធម្មជាតិផ្សេងៗ ដូចជាបាតុភូត El Niño (អែលនីញ៉ូ) ជាដើម។
ទន្ទឹមនឹងនេះ ឯកឧត្តមអធិបតី ក៏បានអំពាវនាវដល់ព្រះចៅអធិការគ្រប់វត្ត ព្រះសង្ឃគ្រប់ព្រះអង្គ និងគណៈកម្មការ អាចារ្យវត្តទាំងអស់ ឱ្យបន្តដើរតួនាទីជាអ្នកអប់រំ និងជាគំរូដល់ពុទ្ធបរិស័ទ ក្នុងការស្រឡាញ់ ថែរក្សា និងការពារបរិស្ថានធម្មជាតិ។ វត្តអារាម ត្រូវចាត់ទុកជាទីជម្រកសុវត្ថិភាពអហិង្សាសម្រាប់សត្វព្រៃ និងជារុក្ខជាតិបៃតងសម្រាប់មនុស្សជាតិ ខណៈដែលសកម្មភាពចូលរួមដាំ និងថែរក្សាដើមឈើក៏ចាត់ទុកថា ជាការសន្សំកុសលផលបុណ្យមួយដ៏ប្រពៃ តាមទស្សនៈព្រះពុទ្ធសាសនា (ការឱ្យទានជាម្លប់ដ៏ត្រជាក់) ដែលនាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ទាំងក្នុងជាតិនេះ និងជាតិមុខ។ លើសពីនេះ ដើមឈើដែលនឹងត្រូវបានដាំនៅតាមមូលដ្ឋានឃុំទាំង៧ នៃស្រុកតំបែរ នឹងជួយបង្កើនគម្របព្រៃឈើ និងសោភ័ណភាពបៃតងនៅតាមសហគមន៍ ដែលជាកាលានុវត្តភាពសម្រាប់មូលដ្ឋានទាក់ទាញបាននូវភ្ញៀវទេសចរណ៍ អ្នកវិនិយោគ ដើម្បីបង្កើនប្រាក់ចំណូលមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានមួយកម្រិតទៀត។
ឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានប្រគេនកូនឈើចំនួន ១២ ០០០ដើមដល់ព្រះចៅអធិការវត្ត និងព្រះសង្ឃ ទាំង២៩វត្ត ក្នុងឃុំទាំង៧ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ព្រមទាំងបានប្រគេនពរ និងជូនពរ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កឹម តួន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សូមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ។


