ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នាយកសាលាភូមិន្ទរដ្ឋបាល និងជាសមាជិកស្វ័យប្រវត្តិរបស់ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត នាបន្ទប់អភិបាលកិច្ច ជាន់ផ្ទាល់ដីនៃសាលាភូមិន្ទរដ្ឋបាល។
នៅក្នុងឱកាសនេះឯកឧត្តម យក់ ប៊ុនណា បានជម្រាបជូនដោយសង្ខេបអំពីការងារសំខាន់ៗពាក់ព័ន្ធនានា និងអំពីវឌ្ឍនភាពការងាររបស់សាលាភូមិន្ទរដ្ឋបាល និងបានបញ្ជាក់ពីរបៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖ (១) សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការកែសម្រួលព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់សាលាភូមិន្ទរដ្ឋបាល (២) សេចក្តីព្រាងអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីលក្ខន្តិកៈរបស់សាលាភូមិន្ទរដ្ឋបាល (៣) សំណើជ្រើសរើសសិស្សសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៤ និងសិស្សមន្ត្រីក្រមការជំនាន់ទី១៣ (៤) សំណើជ្រើសរើសកម្មសិក្សាការីនៃវគ្គវិក្រឹតការ មន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៧ (៥) ការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៦ និង(៦) ផ្សេងៗ។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដែលបានរៀបចំឡើងនាថ្ងៃនេះ គឺជាកិច្ចការងារ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារ ផ្លាស់ប្តូរមតិយោបល់ ព្រមទាំងការគិតគូរ និងដាក់ចេញទិសដៅនៃការអភិវឌ្ឍក្នុងនាមជាគ្រឹះស្ថានបណ្តុះបណ្តាលមន្ត្រី ឱ្យស្របទៅតាមបរិបទនៃការវិវត្តថ្មីៗ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំឭកផងដែរថា សាលាភូមិន្ទរដ្ឋបាល មានតួនាទីបណ្តុះបណ្តាលសិស្សមន្ត្រី និងមន្ត្រីដែលត្រូវបានជ្រើសរើសថ្មី ព្រមទាំងកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីមធ្យម និងមន្ត្រីជាន់ខ្ពស់ ដើម្បីបន្តពង្រឹង និងបង្កើនសមត្ថភាពមន្ត្រី ទាំងចំណេះដឹង បំណិន ឥរិយាបទ និងសីលធម៌វិជ្ជាជីវៈ ប្រកបដោយឧត្តមភាព គុណភាព និងនវានុវត្តន៍ ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍមូលធនមនុស្សសម្រាប់រដ្ឋបាលសាធារណៈ និងបម្រើប្រជាពលរដ្ឋប្រកប ដោយប្រសិទ្ធភាពផងដែរ៕










