គណៈកម្មការទី៣ នៃរដ្ឋសភា ផ្ដល់វេទិការៀនសូត្រពីអភិបាលកិច្ចបរិស្ថានប្រកបដោយចីរភាព ដល់ក្រុមប្រឹក្សាយុវជនកម្ពុជា សម្រាប់ពង្រឹងស្មារតីការពារបរិស្ថាន និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ


(ភ្នំពេញ)៖ ក្រោមការស្នើសុំរបស់ក្រុមប្រឹក្សាយុវជនកម្ពុជា (កយក) នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មការទី៣ នៃរដ្ឋសភា បានរៀបចំនូវកិច្ចសន្ទនារៀនសូត្រ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ប្រធានស្ដីទីគណៈកម្មការទី៣ នៃរដ្ឋសភា ស្ដីអំពី «ភាពជាអ្នកដឹកនាំក្នុងអភិបាលកិច្ចបរិស្ថានប្រកបដោយចីរភាព» ដែលប្រព្រឹត្ដទៅនៅរដ្ឋសភា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ប្រធានស្ដីទីគណៈកម្មការទី៣ នៃរដ្ឋសភា បានថ្លែងថា បរិស្ថានគឺជាសរសរស្ដមមួយនៅក្នុងគោលនយោបាយអណត្ដិទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ក៏ដូចជាគោលនយោបាយអណត្ដិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ហើយបានកំណត់យ៉ាងច្បាស់ថា «ការអភិវឌ្ឍគឺត្រូវដើរទន្ទឹមគ្នានឹងការការពារបរិស្ថានប្រកបដោយចីរភាព»

«ដូច្នេះខ្ញុំបានចាត់ទុកថា វេទិកានេះគឺជាវេទិកាដ៏មានសារៈសំខាន់ជាទីបំផុត ព្រោះបានសម្លឹងឃើញថាក្រុមប្រឹក្សាយុវជនកម្ពុជា គឺសុទ្ធតែយុវវ័យដែលជាទំពាំងស្នងឬស្សី មានមនសិកាចូលរួម និងរួមចំណែកក្នុងការពារ ថែរក្សាបរិស្ថាន ដែលចង់ចេះ ចង់ដឹង ស្វែងយល់បន្ថែមទៅលើអភិបាលកិច្ចបរិស្ថានប្រកបដោយចីរភាព ដែល​គឺជាចំណុចគន្លឹះនៃអាយុជីវិតរបស់ប្រជាជននៅលើពិភពលោក»

នាឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្ដដល់យុវជន បន្ដខិតខំប្រឹងប្រែងបន្ថែមដើម្បីរួមគ្នាការពារបរិស្ថាន និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងអំពាវនាវឱ្យយុវជនទាំងអស់ បន្ដរួមគ្នាដាំដើមឈើឡើងវិញ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

ក្នុងកិច្ចសន្ទនារៀនសូត្រនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏ដូចជាគណៈអធិបតី បានចែករំលែកនូវអនុសាសន៍គន្លឹះ រួមទាំងចំណេះដឹងជុំវិញនឹងប្រធានខាងលើ និងបទពិសោធន៍ការងារជាក់ស្ដែង ព្រមទាំងតួនាទីត្រួតពិនិត្យ និងការតាក់តែងគោលនយោបាយរបស់រដ្ឋសភា ជាពិសេសគណៈកម្មការទី៣ ដែលមានសារៈសំខាន់ក្នុងការធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយតុល្យភាពជាមួយនឹងការការពារបរិស្ថានប្រកបដោយចីរភាព។

ដើម្បីឱ្យមានធាតុចូលកាន់តែច្រើន ផ្ដល់ភាពច្បាស់លាស់ជូនដល់យុវជន ក្នុងកិច្ចសន្ទនារៀនសូត្រខាងលើនេះ គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបើកឱ្យយុវជនចោទជាសំណួរ ទៅកាន់គណៈធបតីជាច្រើនសំណួរផងដែរ។

ជាការកត់សម្គាល់ក្រុមប្រឹក្សាយុវជនកម្ពុជា បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងរំភើបជាពន់ពេក ដែលទទួលបានឱកាសដ៏មានតម្លៃដល់ក្រុមយុវជនបានចូលរួមក្នុងកិច្ចសន្ទនារៀនសូត្រនេះ ដែលបានស្វែងយល់កាន់តែច្បាស់ពីអភិបាលកិច្ចបរិស្ថាន និងភាពជាអ្នកដឹកនាំ រួមទាំងការគ្រប់គ្រងការងារ ដើម្បីទទួលបានផ្លែផ្កា និងជំរុញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការឆ្លើយតបយ៉ាងសំខាន់ ទៅនឹងផែនការយុទ្ធសាស្ដ្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤-២០៣៣ របស់រាជរដ្ឋាភិបាល ត្រូវបានរៀបចំឡើងយ៉ាងយកចិត្ដទុកដាក់ ដើម្បីផ្ដល់ជាទីផែនទីបង្ហាញផ្លូវគោលនយោបាយជាតិតែមួយ ដោយគ្របដណ្ដប់លើមហិច្ឆតា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់អភិបាលកិច្ច។

សូមជម្រាបផងដែរថា កិច្ចសន្ទនារៀនសូត្រដ៏មានសារៈសំខាន់ខាងលើនេះ ក៏បានបើកឱកាសឱ្យយុវជនធ្វើការស្វែងយល់ពីភាពជាក់លាក់សំខាន់ចំនួន ៣ផងដែរ ១) ការរៀនសូត្រ ពីគណៈកម្មការសេដ្ឋកិច្ច ផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន, ២) ដើម្បីធ្វើការពិភាក្សាពីលទ្ធភាពសម្រាប់ការបង្កើនការបែងចែកថវិកាជាតិសម្រាប់ភាពធន់នឹងអាកាសធាតុ, ការការពារបរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមទាំងយន្តការក្នុងការផ្ដល់មូលនិធិនៅថ្នាក់ឃុំនិងខេត្ត និងទី៣) សិក្សាពីអភិបាលកិច្ចបរិស្ថាន និងភាពជាអ្នកដឹកនាំសម្រាប់ការរួមបញ្ចូលការចូលរួមរបស់យុវជន និងអាទិភាពបរិស្ថានទៅក្នុងក្របខ័ណ្ឌអភិបាលកិច្ចថ្នាក់ជាតិ និងដំណើរការរៀបចំផែនការវិនិយោគ៕