រុក្ខទិវា ៩ កក្កដា និងចលនាជាតិដាំនិងការពារព្រៃឈើ


«រុក្ខទិវា» ត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។ ពិធី «រុក្ខទិវា ៩ កក្កដា» គឺជាចលនាជាតិដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងដើម្បីបំផុសស្មារតីប្រជាពលរដ្ឋក្នុងការដាំដុះ ថែរក្សា និងការពារព្រៃឈើ ដើម្បីបង្កើនគម្របព្រៃឈើ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

រាល់ឆ្នាំ ពិធីនេះតែងតែប្រារព្ធឡើងយ៉ាងឱឡារិកនៅតាមបណ្តាខេត្ត និងរាជធានីនានា ដោយមានការចូលរួមដាំកូនឈើចម្រុះប្រភេទ ដូចជាជា ធ្នង់ គ្រញូង នាងនួន បេង និងឈើហូបផ្លែជាច្រើនផ្សេងទៀត រាប់ពាន់ទៅរាប់ម៉ឺនដើម។ មិនត្រឹមតែការដាំប៉ុណ្ណោះទេ អាជ្ញាធរតែងតែក្រើនរំលឹកដល់មន្ត្រី និងប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ ស្រោចទឹក និងថែទាំកូនឈើទាំងនោះឱ្យលូតលាស់ធំធាត់ផងដែរ។

សូមរម្លឹកថានៅក្នុងពិធីបុណ្យរុក្ខទិវា កាលពីឆ្នាំ២០២៤រដ្ឋបាលព្រៃឈើបានបណ្តុះ និងដាំកូនឈើសរុប ជាង ២០,៥០លានដើម នៅទូទាំងប្រទេសហើយគិតត្រឹមឆ្នាំ២០២៥នៅទូទាំងប្រទេស រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលព្រៃឈើ បានបណ្តុះ និងដាំកូនឈើជាង ២១ លានដើម ដោយប្រើប្រាស់ថវិការដ្ឋ មិនរាប់បញ្ចូលកូនឈើដែលដាំដោយប្រជាពលរដ្ឋនោះទេ។

សូមរម្លឹកថាពិធី «រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុង ឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណង ដើម្បីជួយឱ្យបរិស្ថាន និងអាកាសធាតុមានភាពវិជ្ជមានចំពោះភពផែនដី និងមនុស្សជាតិ។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានប្រារព្ធពិធីរុក្ខទិវានេះឡើងវិញ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ រហូតមក។

គិតត្រឹមឆ្នាំ២០២៥ ពិធី «រុក្ខទិវា» បានបង្កើតជាសួន «រុក្ខទិវា» សរុបទំហំ ៤៩២ហិកតា នៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ ហើយព្រឹត្តិការណ៍ «រុក្ខទិវា» ក៏បានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើជាច្រើនផ្សេងទៀតនៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺនហិកតា និងសួនសាធារណៈ ឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួនឯកជននានា។

បន្ថែមពីនេះទៀត រដ្ឋបាលព្រៃឈើ មានសមត្ថភាពបណ្តុះកូនឈើ ដើម្បីដាំ និងចែកចំនួន ៥០ម៉ឺនដើម ក្នុងមួយឆ្នាំៗ។ សម្រាប់ពិធី រុក្ខទិវា ៩ កក្កដា កាលពីឆ្នាំ២០២៥កន្លងនេះ កូនឈើធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ១៣ ៨៥០ដើម ត្រូវបានដាំនៅលើទីតាំងដីខ្ពស់ចំការលើភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានទំហំ ១០ហិកតា។

ទន្ទឹមនឹងចលនាដាំដុះ ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់រាល់សកម្មភាពលួចកាប់ និងទន្ទ្រានដីព្រៃក្នុងតំបន់ការពារធម្មជាតិ។ ការចូលរួមថែរក្សាព្រៃឈើ មិនត្រឹមតែជួយការពារប្រព័ន្ធអេកូឡូស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទ្រទ្រង់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានផងដែរ៕